អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល ជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ប្រមាណ ៣០០នាក់ នៅសាលាខេត្តកណ្ដាល នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគាំទ្រ និងលើកទឹកចិត្ត ដល់ ឮកីឡាករ កីឡាការិនី តំណាងឱ្យខេត្តកណ្ដាលទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យ ព្រោះវិន័យនាំមកនូវសេចក្ដីថ្លៃថ្នូរ យកចិត្តទុកដាក់លើបញ្ហាសុខភាពក្រុម និងសុខភាពផ្ទាល់ខ្លួន ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុម ត្រូវយកបច្ចេកទេសមកលេង កុំយកតែកម្លាំងបាយមកលេង ពិសេសត្រូវស្តាប់តាមការណែនាំរបស់ប្រតិភូដឹកនាំ គ្រូបង្វឹក ដើម្បីទទួលបានជ័យជំនះក្នុងការប្រកួត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការប្រកួតកីឡាជាតិ គឺជាកម្មវិធីដ៏ពិសេសនៃគោនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិ ឆ្ពោះទៅរកការប្រកួតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដូចមាន ពាក្យស្លោក ក្នុងគោលនយោបាលជាតិអប់រំកាយ និងកីឡា គឺ “ប្រជាពលរដ្ឋម្នាក់ ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទ “ ។
ឯកឧត្តមបានបន្តថា កីឡាជាតិ ត្រូវរៀបចំប្រកួត រយៈពេល ២ឆ្នាំម្ដង ហើយកន្លងមក ខេត្តកណ្តាលបានដឹកនាំ ក្រុមកីឡា ទៅចូលរួមប្រកួតកីឡាជាតិ លើកទី១ និងលើកទី២ ដោយយបានទទួលមេដាយ យ៉ាងច្រើន ដែលស្ថិតក្នុង ចំណាត់ថ្នាក់ទី៤ បន្ទាប់ពី រាជធានីភ្នំពេញ និងក្រសួងពីរទៀត មានន័យថានាំមុខគ្រប់បណ្តាខេត្តទាំងអស់ ។
លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថាសម្រាប់ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២នេះ ខេត្តកណ្តាលបានត្រៀមលក្ខណៈចូលរួមក្នុងការប្រកួត ដោយមានកីឡាករ កីឡាការិនី គ្រូបង្វឹក អ្នកដឹកនាំក្រុម ចំនួន ២៩៩ នាក់ ស្រី ១៣៥ នាក់ ចូលរួមប្រកួតលើកវិញ្ញសារចំនួន ៣០វិញ្ញាសារ។