នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រកាសជួយបេក្ខជនបាក់ឌុបក្មេងជាងគេឆ្នាំ២០២២នេះ ឱ្យសិក្សាចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឆ្លៀតជួបអបអរសាទរកុមារា ទៀង គឹមហុង បេក្ខជនបាក់ឌុបក្មេងជាងគេនិងប្រកាសជួយឱ្យសិក្សាចប់បណ្ឌិតផ្នែកវិទ្យាសាស្ត្រ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា «ល្ងាចនេះឆ្លៀតជួបចៅ ទៀង គឹមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសC ក្នុងវ័យ១៣ឆ្នាំ៣ខែ ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឪពុកម្តាយ និងចៅ សម្រាប់ការសិក្សានៅមហាវិទ្យាល័យ»។សម្តេចបន្តថា «ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំ គឺបានធ្វើឱ្យ គឹមហុង ជាប់បាក់ឌុប ដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំ គឺជួយ គឹមហុង ឱ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ ដែលក្មេងជាងគេ និងមានសមត្ថភាពល្អនាពេលខាងមុខ។ បំណងចុងក្រោយរបស់ខ្ញុំ គឺបណ្តុះបណ្តាល គឹមហុង ឱ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត ដែលមានគុណភាពខ្ពស់ឱ្យខាងតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងគ្រួសារ»។
សូមជម្រាបថា កុមារា ទៀង គឹមហុង ត្រូវបានគេចាត់ទុកជាកុមារអច្ឆរិយៈមួយរូប ដោយសារតែរូបគេមានសមត្ថភាពយល់ដឹងផ្នែកគណិតវិទ្យា និងអក្សរខ្មែរតាំងពីអាយុ២ឆ្នាំកន្លះ។ លុះឆ្នាំ២០០៧ ពេលមានអាយុ ៨ឆ្នាំ កុមារារូបនេះ ក៏មានឱកាសបានជួបសម្តេចតេជោ ហ៊ុន សែន ហើយសម្តេច ក៏បានរៀបចំឱ្យរូបគេបានចូលរៀនកម្រិតវិទ្យាល័យនៅសាលាប៊ែលធីអន្តរជាតិ។
សម្តេចតេជោ ក៏បានគាំទ្ររាល់ការចំណាយផ្សេងៗសម្រាប់ការសិក្សា និងការរស់នៅរបស់គេផងដែរ៕