ទីតាំងល្បែងស៊ីសងខុសច្បាប់មាន់ជល់(អនឡាញ)នៅតែអាចបើកដំណើរការបាន សង្ស័យតែត្រូវរ៉ូវគ្នាជាមួយមន្ត្រីមូលដ្ឋាន
គឃ្លើនពាសមេឃ???
ទីតាំងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ តាមទូរទស្សន៍ និងឆ្នោតឡូតូ ប្រភេទអនឡាញ នៅសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែបន្តបើកដំណើរការបានដោយរំភើយ សង្ស័យត្រូវរ៉ូវគ្នាជាមួយមន្ត្រីមូលដ្ឋាន។
ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចចុះធ្វើកិច្ចសន្យាម្តងហើយ តែមិនបាន២៤ម៉ោងស្រួលបួងផង បែរជាមកបន្តបើកដំណើរការទទួលឱ្យអ្នកញៀនផ្តុំក្បាលគ្នាចូលលេងយ៉ាងអនាធិបតេយ្យទៅវិញ។
មហាជនលើកឡើងថាករណីនេះលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ហើយនិងលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលជាមន្ត្រីដុះស្លែគួរតែមានវិធានការទប់ស្កាត់ជាបន្ទាន់បន្ថែមទៀត បើពុំដូច្នោះទេ ចោរលួច ចោរប្លន់ កើនឡើងជាលំដាប់ជាមិនខាន ដោយសារតែការព្រងើយកន្តើយរបស់អស់លោក។
មហាជនក៏បានស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចេញបញ្ជាបន្ថែមទៅដល់ថ្នាក់ក្រោម កុំឱ្យបណ្តោយបែបនេះទៀត គួរតែចាត់វិធានការក្តៅចំពោះម្ចាស់ទីតាំងដែលផ្តល់ជំម្រកឱ្យអ្នកញៀនល្បែង៕