ព្រៃវែង៖ «សន្តិភាពបានធ្វើឲ្យពុទ្ធចក្រ និងអាណាចក្រមានការកសាងរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិដ្ឋាន ហៅវត្តថ្លា ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «កត្តាសន្តិភាពទាំងអស់នេះគឺកើតចេញពីបងប្អូនប្រជាពលរដ្ឋបានជឿជាក់មកលើការដឹងនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេស ទទូលបានសិទ្ធសេរីភាព ពេញលេញ រស់នៅប្រកបដោយភាពកក្តៅ»។
ឯកឧត្តមបណ្ឌិតបន្តថា វត្តអារាមមានតួនាទីសំខាន់ណាស់ សម្រាប់អប់រំមនុស្សអោយធ្វើល្អ ប្រព្រឹត្តនៅអំពើជាកុសល លះបង់នៅអំពើបាប កាន់សីល ភាវនា សមាធិ អប់រំផ្លូវចិត្តរបស់ខ្លួនឲ្យ ជៀសឆ្ងាយពីអំពើអកុសលផ្សេងៗ។
ជាមួយគ្នានោះឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតនៅពេលខាងមុខឲ្យបានគ្រប់ៗគ្នា ព្រោះថាការបោះឆ្នោតគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។
ទន្ទឹមនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយសដល់សប្បុរសជន ព្រះសង្ឃ ដែលបានចំណាយនូវធនធានក្នុងការកសាងនូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្តនេះហើយឯកឧត្តមបណ្ឌិតក៏បានចូលជាបច្ច័យសម្រាប់កសាងនៅក្នុងវត្តចំនួន៤០លានរៀលនោះផងដែរ។
គួររំលឹកផងដែរថា សមិទ្ធផលដែលបានកើតឡើងដោយកម្លាំងសាមគ្គីរបស់ពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី និងសប្បុរសជននានា ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការ ឈាង ផល្លី រួមមាន៖ ១-ព្រះពុទ្ធបដិមាចំនួន២អង្គកំពស់ ៨ម៉ែត្រ, ២-រៀបខឿនពោធិព្រឹក្សចំនួន ២ កន្លែង, ៣-បល្ល័ង្កព្រះពុទ្ធបដិមាចំនួន១ កន្លែង, ៤-សង់រូបសំណាកចំនួន២០រូប ៥-រៀបចំសួនច្បារមានទំហំ១៥០០ម៉ែត្រការ៉េ, ៦-រៀបចំបូនីយដ្ឋាន ចំនួន០១កន្លែង និងទី៧-ចាក់សាបតុងបំពេញទីធ្លាបរិវេណវត្តមានទំហំ ៥,៤៤០ ម៉ែត្រការេ, សរុបជាថវិកាចំនួន ១៩៣,៩៩១$ (មួយរយកៅសិបបីពាន់ ប្រាំបួនរយកៅសិបមួយ ដុល្លារ អាមរិកគត់)។ នេះបើតាមសេចក្តីរាយការណ៍របស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង៕