(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងស្នើដល់ឥស្សរជន ដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធការងារក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាលបន្តវេន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនដល់ឥស្សរជន ចំនួន ៤រូប រួមមាន ៖ ឯកឧត្ដម ឡូយ សុផាត ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្ដម គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
ក្នុងឱកាសនោះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យពិនិត្យលទ្ធភាពរៀបចំកម្មវិធី ដើម្បីទាក់ទងអញ្ជើញឥស្សរជនសរុបទាំងអស់ ១៧រូប ដែលបានទទួលគោរមងារ “សន្តិបណ្ឌិត” តាមកាលវេលាស្របនឹងកម្មវិធីសិក្សារបស់បណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកការទទួលបានគោរពងារ«សន្តិបណ្ឌិត» របស់ឥស្សរជន ទាំងកន្លងទៅ និងនាពេលនេះ ពិតជាស័ក្តិសមបំផុត ព្រោះសុទ្ធតែជាថ្នាក់ដឹកនាំពោរពេញដោយបទពិសោធ និងការលះបង់ ដោយបានចូលរួមបំពេញភារកិច្ចស្នូលរបស់ក្រសួងមហាផ្ទៃ តាំងថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក មិនតិចជាង ៤០ឆ្នាំនោះទេ ក្នុងនាមជានគរបាលជាតិ។ ក្នុងន័យផ្ដល់កិត្តិយស និងតបស្នងចំពោះវីរភាពនៃការបម្រើជាតិមាតុភូមិ ក្នុងក្របខ័ណ្ឌនគរបាលជាតិនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត បានជំរុញឱ្យបន្តសិក្សាលើឥស្សរជនដទៃទៀត ដើម្បីវាយតម្លៃផ្ដល់គោរមងារ «សន្តិបណ្ឌិត» និងសញ្ញាបត្របណ្ឌិតកិត្តិយស ជូនជាបន្តបន្ទាប់។
នាពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនដល់ឥស្សរជនជ័យលាភីនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ក្រើនរំលឹកដល់អស់លោកជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់ ឱ្យបង្កើនការយកចិត្តទុកលើបញ្ហាចរាចរណ៍ ព្រោះគ្រោះថ្នាក់បណ្ដាលឱ្យស្លាប់របួស និងខូចខាតទ្រព្យសម្បត្តិនៅតែកើតឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះដែរ បញ្ហាក្មេងទំនើង ក៏ជាវិញ្ញាសាមួយ ដែលត្រូវសិក្សាអំពីបុព្វហេតុ ដែលនាំឱ្យក្រុមក្មេងទំនើង បង្កបញ្ហាប្រព្រឹត្តបទល្មើសនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងអសន្តិសុខសង្គមជាដើម។ ដូចគ្នានេះដែរ តាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត ក៏គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញពីគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបានចន្លោះពី ២០% ទៅ ៣០% តាមមាគ៌ាដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕