(ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈមេប្រយោគប្រចាំខេត្តកណ្តាល ស្តីពីការងាររៀបចំការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តកណ្ដាល ជាមួយ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកណ្តាល និងឯកឧត្តម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០២៣នេះ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែខិតខំយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗ នៅចំពោះមុខនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យ។ ជាងនេះទៅទៀត ឯកឧត្ដមអភិបាលខេត្តកណ្តាល ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធក្នុងខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិសំខាន់ៗ ចូលរួមដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជនបានចូលរួមប្រឡង ដោយមិនមានបញ្ហារាំងស្ទះ។ ឯកឧត្ដមអភិបាលខេត្តកណ្តាល ក៏ដាក់បទបញ្ចាឲ្យអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តទាំងអស់ ត្រូវពង្រឹងការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការប្រឡងទាំងក្នុង និងក្រៅមណ្ឌលប្រឡង ត្រូវធានាបាននូវបរិយាកាសល្អ មិនត្រូវបណ្ដាយឲ្យមនបាតុភាពមិនប្រក្រតីណាមួយកើតមានឡើងបានឡើយ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះកិច្ចសហការពីរដ្ឋបាលខេត្តកណ្តាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឲ្យទទួលបានជោគជ័យជារាងរាល់ឆ្នាំ ហើយកិច្ចសហការរួមគ្នានេះបង្ហាញពីស្មារតីសាមគ្គីគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងធនមនុស្សពិតប្រាកដ សម្រាប់យកមកអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនបានឆាប់រហ័ស។
ឯកឧត្តម កែវ ធីវុធ ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ជារាងរាល់ឆ្នាំ យើងសង្កេតឃើញថា ការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តកណ្ដាល តែងតែប្រព្រឹត្តទៅប្រកបដោយភាពរលូន និងមិនមានបាតុភាពមិនប្រក្រតីដែលធ្ងន់ធ្ងរណាមួយកើតឡើងឡើយ ពីព្រោះមានការសហការគ្នាយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ដែលញ៉ាំងឲ្យការប្រឡងតែងតែទទួលបានលទ្ធផលល្អអាចទទួលយកបាន ប្រកបដោយយុត្តិធម៌ ពោលគឺអ្នកចេះ គឺជាប់។ ឯកឧត្តម ឲ្យដឹងថា ចំពោះប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តកណ្ដាល ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍ស្មគ្រ័ចិត្តចំនួន ២៤៣រូប និងមន្ត្រី ACU ចំនួន២៦រូប។
សូមមញ្ចាក់ថា ខេត្តកណ្តាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៧ មណ្ឌល ស្មើនឹង ៤៥១បន្ទប់ ដែលស្ថិតនៅក្រុង/ស្រុក ចំនួន៤៖
១-ក្រុងតាខ្មៅ៖ មានចំនួន ០៩មណ្ឌល សម្រាប់បេក្ខជនមកពីក្រុងតាខ្មៅ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកពញាឮ និងក្រុងអរិយក្សត្រ។
២-ស្រុកស្អាង៖ មានចំនួន ២មណ្ឌល សម្រាប់បេក្ខជនមកពីស្រុកស្អាង និង ស្រុកកោះធំ។
៣-ស្រុកកណ្តាលស្ទឹង៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កណ្តាលស្ទឹង និងស្រុកអង្គស្នួល។
៤-ស្រុកកៀនស្វាយ៖ មានចំនួន ៣មណ្ឌល សម្រាប់បេក្ខជនមកពីស្រុក កៀនស្វាយ ស្រុកលើកដែក ស្រុកល្វាឯម និងក្រុងអរិយក្សត្រ។
ខេត្តកណ្តាលមានបេក្ខជនមានឈោ្មះក្នុងបញ្ជី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន ១០,៨៧៣នាក់ ស្រី ៦,០២៣នាក់។