ខេត្តកណ្ដាល៖ លោក ចេង ចាន់ទិត្យា ត្រូវបានតែងតាំងជាអភិបាល រងនៃគណៈអភិបាលស្រុកមុខកំពូល ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសាលាស្រុកមុខកំពូល ក្រោមអធិបតី ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តតំណាង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដម តាំង ម៉េងលាន បានចូលរួមអបអរសាទរ ចំពោះលោក ចេង ចាន់ទិត្យា ដែលត្រូវបានប្រកាសឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកនាឱកាសនេះ ដើម្បីចូលរួចចំណែកដឹកនាំ និងជួយគ្រប់គ្រងរដ្ឋបាលស្រុកមុខកំពូលជាមួយថ្នាក់ដឹកនាំស្រុក ឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលរងខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់លោកអភិបាលរងស្រុកដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល ជាពិសេសត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើឡើង។
បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកមុខកំពូល ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ ត្រូវខិតខំអភិវឌ្ឍន៏មូលដ្ឋានរបស់ខ្លួនឱ្យរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត សំដៅសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំតែងតាំង លោក ចេង ចាន់ទិត្យា ពីនាយករដ្ឋបាលស្រុកមុខកំពូល មកជាអភិបាលរង នៃគណៈអភិបាលស្រុក មុខកំពូល។ ដោយផ្អែកលើសំណើរបស់ខេត្ត និងក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងលោក ចេង ចាន់ទិត្យា ពីនាយករដ្ឋបាលស្រុកមុខកំពូល ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល តាមរយៈប្រកាសលេខ៥៥៤៤ ប្រក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមអភិបាលរងខេត្ត បានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងស្រុកថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងខិតខំអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកប ដោយកិច្ចសហការល្អ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលស្រុកកាន់តែមានប្រសិទ្ធភាព ជួយជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានបានកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គមឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។