ប្រជាពលរដ្ឋបន្តប្រើរូបភាពញុះញង់ប្រមូលផ្តុំគ្នា បំពានបំណងល្អរបស់លោកអភិបាលស្រុកគាស់ក្រឡ ក្នុងការដោះស្រាយវិវាទដីធ្លី
បាត់ដំបង៖ ក្រុមមនុស្សទន្ទ្រានយកដីស្របច្បាប់របស់អ្នកដទៃមួយក្រុម នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានប្រមូលផ្តុំគ្នា បង្កបញ្ហាស្មុគស្មាញ នៅក្នុងមូលដ្ឋាន ដោយបំពានស្មារតីប្រជុំរបស់លោកអភិបាលស្រុកគាស់ក្រឡ ដែលបានហាមមិនឲ្យធ្វើសកម្មភាពរញ៉េរញ៉ៃ ពិបាកដោះស្រាយក្នុងរឿងវិវាទដីធ្លី។
ប្រជាពលរដ្ឋប្រមាណ៣០នាក់ បានប្រើរូបភាពមហាជន មកប្រមូលផ្តុំគ្នា រារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលជាម្ចាស់ដីស្របច្បាប់ មិនឲ្យភ្ជួររាស់ឈូសឆាយលើដីខ្លួនឯង ដោយពួកគាត់អះអាងថា ជាម្ចាស់ដីនេះដែរ ទោះបីជាគ្មានឯកសាបញ្ជាក់ពីការកាន់កាប់ដីក៏ដោយ។
មេខ្លោងប្រមូលផ្តុំគ្នាព្រឹកនេះ មានឈ្មោះ អៀន ណាវី ហៅយាយវ៉ែនតា និងឈ្មោះ លត ធី ជាអ្នកប្រមូលផ្តុំគ្នា ដែលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាវាយកម្ទេចទ្រព្យសម្បត្តិរបស់ក្រុម ប៉ុន្តែក្រុមហ៊ុនមិនទាន់ចាត់វិធានការផ្លូវច្បាប់នៅឡើយទេ ដោយសារទុកឱកាសឲ្យពួកគាត់ចេញមុខសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន។
នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកបានសម្តែងការគាំទ្រគោលជំហរបស់ភាគីតំណាងក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាដោយវិធីឈ្នះ-ឈ្នះ គឺគ្មានភាគីណាមួយខាតបង់ច្រើនឡើយ។
នៅកិច្ចប្រជុំនោះ មានការចូលរួមពីភាគីតំណាងក្រុមហ៊ុន ជាអ្នកទិញដី ភាគីតំណាងប្រជាពលរដ្ឋ១១គ្រួសារ ដើម្បីពិភាក្សារកដំណោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ ដែលលោកអភិបាលស្រុកគាស់ក្រឡពេញចិត្ត។
ក្រោយប្រជុំចប់ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានសរសេរសារបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «២៧/០៧/២០២២ ស្រុកគាស់ក្រឡ ករណីវិវាទដីធ្លីដ៏រាំរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ក្រោយពីមានការសម្របសម្រួលរបស់ក្រុមការងារ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យមានលទ្ធផលផ្លែផ្កាល្អប្រសើ ឈានទៅរកការបញ្ចប់វិវាទនៅពេលខាងមុខេ»។
យោងតាមឯកសារ និងប្រភពជាច្រើនបានឲ្យដឹងថា ក្នុងទំនាស់ដីធ្លីនេះតអតីទអភិបាលខេត្តបាត់ដំបងប្រាំរូប បានដឹងករណីនេះច្បាស់ណាស់ ប៉ុន្តែមិនអាចដោះស្រាយបានឡើយ ទើបធ្វើឲ្យវិវាទដីនេះអូសបន្លាយរហូតដល់សព្វថ្ងៃ។
យោងតាមការសង្កេតជាក់ស្តែង និងតាមរយៈការសាកសួរប្រភពជាច្រើន រួមទាំងប្រជាពលរដ្ឋផង បានឲ្យដឹងថា ខ្លឹមសារក្នុងអង្គប្រជុំនៅសាលាស្រុកគាស់ក្រឡ រហូតមកដល់ថ្ងៃនេះ គឺគ្មានការផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តឡើយ ហាក់ដូចជាមន្ត្រីមូលដ្ឋានគ្មានឆន្ទះដោយស្រាយការងារឡើយ។
លោក ចិន សំអន មេឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានទៅដល់ទីតាំងដីរបស់ក្រុមហ៊ុន ដើម្បីហាមឃាត់កុំឲ្យការប្រមូលផ្តុំគ្នា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋមិនបានដឹងពីខ្លឹមសារនៃស្មារតីប្រជុំកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ឡើយ ដោយសារគ្មានការផ្សព្វផ្សាយក្នុងចំណោមមន្ត្រីមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ។
យោងតាមឯកសារជាច្រើនបានឲ្យដឹងថា កាលពីឆ្នាំ២០០៦ ក្រុមហ៊ុន អេហ្វ្រីខ័ល់ឈ័រ ហ្គ្រីន ហ្វៀល បានទិញទំហំជាង៤ពាន់ហិកតា ដោយចំណាយប្រាក់យ៉ាងច្រើន និងមានឯកសារទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែក្រោយមកស្រាប់តែមានជនខិលខូចមួយចំនួន បានញុះញង់ឲ្យពលរដ្ឋចូលកាប់ទន្ទ្រានបំពានលើដីក្រុមហ៊ុនជាបន្តបន្ទាប់ រហូតតុលាការខេត្តបាត់ដំបង ចេញដីកាចាត់ចែងរក្សាការពារក៏ដោយ ក៏ក្រុមជនខិលខូចទាំងនេះ នៅបន្តសកម្មភាពយ៉ាងគឃ្លើនដដែល។
ក្នុងនោះគេសង្កេតឃើញទៀតថា មានបុគ្គលម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីយោធាម្នាក់ និងបុគ្គលមួយចំនួនទៀត បានយកដីរបស់ក្រុមហ៊ុនលក់ទៅឲ្យពលរដ្ឋយ៉ាងអាណាធិបតេយ្យ រហូតមកដល់បច្ចុប្បន្ន ដោយមិនខ្លាចរអា ឬញញើតនឹងដីកាចាត់ចែងរក្សាការពាររបស់តុលាកាតបាត់ដំបងឡើយ។
ក្រុមដដែលនេះ ដែលភាគច្រើនចូលកាន់កាប់ដីរបស់អ្នកដទៃដោយខុសច្បាប់ កាលព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានប្រមូលគ្នាម្តងហើយ ដើម្បីបង្កបញ្ហាស្មុគស្មាញ នៅក្នុងមូលដ្ឋាន ដោយបំពានស្មារតីប្រជុំរបស់លោកអភិបាលស្រុកគាស់ក្រឡ ដែលបានហាមមិនឲ្យធ្វើសកម្មភាពរញ៉េរញ៉ៃ ពិបាកដោះស្រាយក្នុងរឿងវិវាទដីធ្លី។
ការប្រមូលផ្តុំគ្នានេះ គឺផ្ទុយនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីសប្តាហ៍មុន បានឯកភាពគ្នាប្រគល់ដីទំហំ៣០ហិកតា មកឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់ទំនាស់ដណ្តើមសិទ្ធិគ្នាកាន់កាប់ដី ដែលបានអូសបន្លាយជាច្រើនឆ្នាំ។
ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមន្ត្រីអាជ្ញាធរមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងអតីតយោធិន នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក ដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។
[Forwarded from Phann Ana]
តំណាងភាគីអតីតយុទ្ធជន បានមានប្រសាសន៍ថា ភាគីតំណាងយោធិនទាំងប្រាំបួនគ្រួសារ បានសម្តែងការសប្បាយរីករាយចំពោះដំណោះស្រាយ ស្រមតាមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកមេភូមិព្រៃទទឹង និងលោកមេឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចសិន្យាសះជា និងបញ្ចប់វិវាទ ហើយបានដឹកនាំក្រុមការងារទៅពិនិត្យ និងវាស់វែង ដល់ទីតាំងជាក់ស្តែងតែម្តង។
ក្នុងករណីរំលោភលើដីឯកជននេះ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ភាគីតំណាងឲ្យក្រុមហ៊ុនអេហ្វ្រីខ័លឈ័រហ្គ្រីន ហ្វៀល ខូអិលធីឌី (AGRICULTURE GREEN FIELD Co,Ltd) បានជួបពិភាក្សាជាមួយអាជ្ញាធរស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងស្នើសុំកំណត់ព្រំរវាងដីសម្បទានសង្គមកិច្ច និងដីកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ដើម្បីការពារមិនឲ្យជនខិលខូចទន្ទ្រានចូលកាន់កាប់ដោយខុសច្បាប់។
ឯកឧត្តមបណ្ឌិតសំណូមពរឲ្យអាជ្ញាធរស្រុកគាស់ក្រឡគួរទប់ស្កាត់ក្រុមខិលខូច កុំឲ្យប្រើគ្រឿងចក្រឈួសឆាយ ឬសាងសង់លំនៅឋានបំពានលើដីរបស់ក្រុមហ៊ុនទៀត ក្នុងករណីទំនាស់ដីធ្លីនេះ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយ៕