លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនិងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ នៅរសៀលថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំរៀបចំកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានផ្ដោតសំខាន់លើការធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ទប់ស្កាត់ផលប៉ះពាល់សុខភាពនិងបរិស្ថាន ទប់ស្កាត់ការយកចំណីផ្លូវធ្វើអាជីវកម្ម លក់ដូរអាណាធិបតេយ្យនិង ទប់ស្កាត់បញ្ហាកកស្ទះចរាចរណ៍។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការក៏បានកំណត់យុទ្ធសាស្ត្រនិងគោលដៅអាទិភាព កន្លែងដែលមានបញ្ហាប្រឈមនឹងត្រូវដោះស្រាយ។
គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមមានពី លោកស្នងការរងពាក់ព័ន្ធ, លោកនាយការិយាល័យពាក់ព័ន្ធ, លោកអធិការ អធិការរងនគរបាលក្រុងតាខ្មៅ, លោកអភិបាលរងក្រុងតាខ្មៅ និង លោក-លោកស្រីប្រធានការិយាល័យចំណុះ, លោកមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុងតាខ្មៅ, លោក-លោកស្រីចៅសង្កាត់ទាំង១០ចចំណុះក្រុងតាខ្មៅនិងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១០ សរុបចំនួន៥២នាក់/ស្រី២៕