នាព្រឹកថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី លទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខធិការ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងរាជធានីខេត្ត និងស្នងការនគរបាលរាជធានីខេត្ត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ ជាសមាជិកអង្គប្រជុំ និងសម្ដែងការកោតសរសើរចំពោះក្រុមការងារ អាជ្ញាធរ និងកងកម្លាំង សម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ពិសេសធ្វើឱ្យបទល្មើសក្នុងសង្គមមានការថយចុះគួរកត់សម្គាល់។
ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជាសមាជិកអង្គប្រជុំបានពិភាក្សា និងផ្ដល់យោបល់សំខាន់ៗជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទពិសោធន៍នៃការអនុវត្តកិច្ចប្រតិបត្តិការ និងលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។ សេចក្ដីប្រកាសព័ត៌មានមួយនឹងត្រូវបានចេញផ្សាយជូនសាធារណជនក្រោយបញ្ចប់កិច្ចប្រជុំនេះ ៕