ខេត្តព្រះសីហនុ ៖ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ អញ្ជើញដឹកនាំមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា និងលោកស្រីអភិបាលរងក្រុងព្រះសីហនុ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយធ្វើចក្តាឡីស័កនៅតាមខ្នងផ្ទះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២០គ្រួសារ រស់នៅសង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោជ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
លោក គាំ សុខុម បានធ្វើការពាំនាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះខ្វះខាតស្បៀង កំពុងធ្វើចក្តាឡីស័កនៅក្នុងសង្កាត់ លេខ២ និងលេខ៣។
លោកក៏បានធ្វើការអប់រំផ្សព្វផ្សាយពីហានិភ័យនៃការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប្រសិនបើយើងទាំងអស់គ្នាមិនបានចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.កុំ និង ៣.ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាខ្លួនយើង ក្រុមគ្រួសារយើងមិនមានការឆ្លងជំងឺ កូវីដ-១៩។
ជាមួយគ្នានេះដែរ លោកបានណែនាំដល់បងប្អូនទាំងអស់ ត្រូវអនុវត្តន៍ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ការរស់នៅដោយធ្វើអនាម័យជាប់ជាប្រចាំលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច ពិសេសវិធានការណ៍រក្សាគម្លាតសុវត្ថិ ភាព និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ម្យ៉ាងទៀតយើងត្រូវរស់នៅតាមបែបគន្លងថ្មីក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
សូមបញ្ជាក់ថា ចំពោះអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនប្រជាពលរដ្ឋធ្វើចក្តាឡីស័កចំនួន ២០គ្រួសារ ក្នុងសង្កាត់លេខ២ និងលេខ៣ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ និងម៉ាស ១ប្រអប់ ៕