អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានពន្យល់ពីកីឡាករលោតទឹកជម្រើសជាតិសហរដ្ឋអាមេរិក Jordan Windle ដែលជាកូនខ្មែរកំពុងចូលរួមប្រជែងកីឡាអូឡាំពិកកំពុងឆ្លងកាត់ការប្រកួត និងគ្រោងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រប្រជែងមេដាយមាស នាវេលាម៉ោង១រសៀល (ម៉ោងនៅកម្ពុជា) នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។
លោកអគ្គលេខាធិការលើកឡើងថា កាលពីអំឡុងឆ្នាំ២០១៥-២០១៦ Jordan Pisey Windle ធ្លាប់បានមកធ្វើបទបង្ហាញលើវិញ្ញាសាលោតទឹក នៅកម្ពុជាបានម្តង នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយគាត់ក៏ជាកីឡាករជម្រើសជាតិអាម៉េរិករួចទៅហើយៗគោលបំណងរបស់គាត់ និងឪពុករបស់គាត់មកកម្ពុជាពេលនោះ គឺបានមកលេងស្រុកកំណើត និងស្វែងរកសាច់ញាតិរបស់គាត់នៅស្រុកខ្មែរ។
លោកបានបន្ដថា ពេលនោះ Jordan បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដោយបានជជែកគ្នាអំពីការចង់បានកីឡាករ Jordan មកជួយដល់ការប្រកួតនៃវិស័យកីឡាហែលទឹកកម្ពុជាលើឆាកអន្តរជាតិ ហើយត្រូវរៀបចំនីតិវិធីបែបណាខ្លះ ដើម្បីបានចូលរួមជួយដល់វិស័យកីឡាហែលទឹកកម្ពុជា។
លោកអគ្គលេខាធិការពន្យល់ថា បើកាលណា កីឡាករណាម្នាក់លេងតំណាងឱ្យជាតិណាមួយហើយ គឺកីឡាករជម្រើសជាតិរូបនោះមាន «សញ្ជាតិកីឡា» នៃប្រទេសនោះហើយ។ ជាក់ស្តែងដូច ជម្រើសជាតិលោតទឹក Jordan មាន «សញ្ជាតិកីឡា» អាម៉េរិក ហើយប្រសិនបើ Jordan ចង់លេងតំណាងឱ្យជាតិខ្មែរវិញ គឺត្រូវអនុវត្តន៍ទៅតាមនីតិវិធី ច្បាប់របស់គេ ជាពិសេសគឺអនុវត្តន៍ទៅតាមគោលការណ៍នានារបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) តែម្តង។ ដូច្នេះ តាមអ្វីដែលយើងធ្លាប់ជជែកគ្នា គឺថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហែលទឹកចង់បានកីឡាករដ៏ឆ្នើមរូបនេះមកជួយដល់កីឡាលោតទឹកកម្ពុជា រីឯសាម៉ីខ្លួន Jordan ក៏មានឆន្ទៈខ្ពស់ចង់មកជួយចូលរួមដល់ការប្រកួតតំណាងឱ្យជាតិកម្ពុជា ប៉ុន្តែវាអាស្រ័យទៅលើនីតិវិធីនានារបស់អន្តរជាតិ។
លោកបានបន្ថែមថា “គោលបំណងធំរបស់ Jordan ក៏ដូចជាឪពុករបស់ខ្លួន ចង់ចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូប្រទេសជប៉ុន នេះសិន ហើយក្រោយពីបញ្ចប់ប្រកួតកីឡាអូឡាំពិកនេះ យើងនឹងជជែងគ្នា ជាថ្មីម្តងទៀត ក្នុងការស្វែងរកនីតិវិធី ឬច្រកផ្លូវ ឱ្យស្របនឹងច្បាប់ ដើម្បីឱ្យបានកីឡាករ Jordan មកជួយហែលទឹកកម្ពុជា។ ប្រសិនបើយកគាត់មកហើយ ខុសច្បាប់ទម្លាប់ ក៏គាត់មិនអាចប្រកួតលើឆាកអន្តរជាតិ ហើយក៏គ្មានន័យអ្វីដែរ។ ដូច្នេះយើងនឹងបន្តសិក្សាពីគោលការណ៍បន្ថែមទៀតលើបញ្ហានេះតទៅមុខទៀត។”
លោកបានឱ្យដឹងទៀតថា ជាធម្មតា កីឡាករជម្រើសជាតិម្នាក់អាចមានសញ្ជាតិកីឡាពីរបាន ប៉ុន្តែជម្រើសជាតិរូបនោះអាចលាលែងពីសញ្ជាតិ១ក្នុងកីឡា។ ឧទហរណ៍ថា គាត់គឺជាកីឡាករជម្រើសជាតិអាម៉េរិក គាត់ត្រូវលាលែងសញ្ជាតិកីឡាអាម៉េរិក ពេលគាត់មកលេងតំណាងឱ្យកម្ពុជា ដោយត្រូវហ្វឹកហាត់នៅកម្ពុជា រស់នៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំ តាមគោលការណ៍អន្តរជាតិជាដើម។
លោក ហែម គីរី បានអះអាងទៀតថា សម្រាប់ Jordan ដែលបច្ចុប្បន្នជាជម្រើសជាតិអាម៉េរិក មិនមែនមានន័យថា ជាការបិទផ្លូវ ក្នុងការក្លាយខ្លួនមកជាជម្រើសជាតិលោតទឹកកម្ពុជានោះទេ។ ជារួមវាសំខាន់បំផុតទៅលើការសម្រេចចិត្តរបស់សាម៉ីខ្លួន និងក្រុមគ្រួសារគាត់ បើគាត់ឯកភាព នោះយើងនឹងរិះរកមធ្យោបាយទាំងអស់គ្នា ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួល Jordan មកជួយដល់ការប្រកួតលើឆាកអន្តរជាតិ នាថ្ងៃអនាគត។
នៅក្នុងនោះ ក៏មិនមែនសាម៉ីខ្លួន សហព័ន្ធធ្វើតែម្នាក់ឯងដែរ គឺត្រូវពិភាក្សាគ្នាជាមួយស្ថាប័ន ពាក់ព័ន្ធ ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ។
ទាក់ទងនឹងបញ្ហាលើកឡើងរបស់មនុស្សមួយចំនួន ដែលថា Jordan គឺជាកូនខ្មែរដែរ ហេតុអ្វីសហព័ន្ធខ្មែរកីឡាហែលទឹកជ្រើសរើសគាត់មកជួយដល់កម្ពុជា សម្រាប់ការប្រកួតអន្តរជាតិ ត្រង់បញ្ហានេះត្រូវបានលោកអគ្គលេខាធិការ ហែម គីរី បញ្ជាក់បន្ថែមថា ទោះបីជា Jordan គឺជាកូនខ្មែរក៏ពិតមែន ប៉ុន្តែគាត់ទទួលបានការបីបាច់ថែរក្សា និងរីកធំធាត់នៅទឹកដីសហរដ្ឋអាមេរិក ដែល Jordan ត្រូវបានយកទៅចិញ្ចឹមដោយឪពុករបស់គាត់ជាជនជាតិអាម៉េរិក។ នេះជាចំណុចទី១ ដែលយើងត្រូវឈ្វេងយល់ ហើយចំណុចទី២ គឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់សាម៉ីខ្លួន និងក្រុមគ្រួសារគាត់ មិនមែនសហព័ន្ធខ្មែរចង់បាន គឺបានមកនោះទេ។
ចំពោះ Jordan ធំធាត់នៅអាម៉េរិក ហ្វឹកហាត់កីឡាលោតទឹកនៅអាម៉េរិក ដូច្នេះចង់មិនចង់ គឺឪពុករបស់គាត់គឺជាជនជាតិអាម៉េរិក ហើយយើងទើបនឹងឃើញ Jordan កាលពីឆ្នាំ២០១៥-២០១៦នេះទេ ហើយពោលនោះ គាត់មកកម្ពុជា ក្នុងគោលបំណងមកលេងស្រុកកំណើត នៅខ្មែរ ដោយ Jordan ត្រូវបាននាំយកទៅរស់នៅសហរដ្ឋអាមេរិក តាំងតែពីមានអាយុ ១៨ខែមកម្លេះ។ ពេលនោះ ឪពុករបស់ Jordan បានបញ្ជាក់ហើយបញ្ជាក់ថា ត្រូវការឱ្យកូនគាត់ជាប់ជាជម្រើសជាតិអាម៉េរិកសិន និងបានចូលរួមប្រកួតអូឡាំពិកហ្គេម ទីក្រុងតូក្យូ ឆ្នាំ២០២០ នេះសិន ហើយទើបអាចពិភាក្សាគ្នាបន្តទៀត។ ការហ្វឹកហាត់ ការចិញ្ចឹមបីបាច់ថែរក្សា គឺជាការរ៉ាប់រងរបស់ឪពុកគាត់ ហើយពេលគាត់ជាប់ជម្រើសជាតិទៅ ទើបគាត់អាចទទួលបានការជួយទំនុកបម្រុងពីរដ្ឋាភិបាលរបស់គាត់ ដែលនេះជាបញ្ហាគន្លឹះ ដែលយើងត្រូវឈ្វេងយល់ពីការពិត។
បើតាមលោក ហែម គីរី បានឱ្យដឹងដែរថា តាមពិត ឯកឧត្តមប្រធានសហព័ន្ធចង់បានកីឡាករ Jordan នេះ ហើយក៏មិនមែនចង់បាន ពេលដែលគាត់ខ្លាំងពូកែនោះទេ ដោយលោកចង់សំដៅទៅលើទេពកោសល្យ សមត្ថភាពបច្ចេកទេស ការតស៊ូប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ Jordan ដោយឯកឧត្តមប្រធានគោរពស្រឡាញ់ លើកទឹកចិត្តចំពោះកីឡាករដែលមានការតស៊ូ ក្នុងជីវិតជាកីឡាករបែបនេះ។
សូមបញ្ជាក់ថា ជម្រើសជាតិអាម៉េរិក ដើមកំណើតខ្មែរ Jordan ឡើងប្រជែងមេដាយមាស អូឡាំពិកហ្គេម-តូក្យូ បានឈ្នះការប្រកួតវគ្គបន្តបន្ទាប់ និងឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃសៅរ៍នេះ ហើយបានក្លាយជាបេក្ខភាពម្នាក់ ក្នុងចំណោម១២នាក់ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រប្រជែងមេដាយមាស លើវិញ្ញាសាលោតទឹកកម្ពស់១០ម៉ែត្រ នាវេលាម៉ោង១រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នៃការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០៕