ខេត្តឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ព្រមទាំងឯកឧត្ដម នាយឧត្តមសេនីយ៍ ខេង សុមេធ អមដំណើរដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ រៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសម្រាប់ព្យាបាលជូនបងប្អូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ និងក្នុងករណីដែលមានជំងឺកូវីដ-១៩ ។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងកោតសរសើរដល់អាជ្ញធរខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តន៍បទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសលើការគ្រប់គ្រងមើលថែបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ-១៩ ចំនួនជាង៥ពាន់នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួនជាង ៤ពាន់នាក់ ករណីឆ្លងក្នុងសហគមន៍ចំនួនជិត ១ពាន់នាក់ និងស្លាប់ចំនួន ៩នាក់ ៕