នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី ក្រុមប្រតិបត្តិសាខា សរុបអ្នកចូលរួមចំនួន ៥២នាក់ នៅសាលប្រជុំសាលាខេត្ត។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-មតិស្វាគមន៌ និងបើកកិច្ចប្រជុំដោយ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា
២-របាយការណ៍បូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣ដោយលោកស្រី អោម ចន្នា នាយិកាសាខា
៣-របាយការណ៍ ហិរញ្ញវត្ថុ ពីខែមករាដល់ខែវិច្ចិកា ឆ្នាំ២០២២ ដោយលោក ប៊ិញ ជីវតុងហិរញ្ញិក គណៈកម្មាធិការសាខា
៤-ផែនការសកម្មភាពរយៈពេល ១ឆ្នាំ(២០២៣) ដោយលោក ស៊ុម អ៊ុយហាវ នាយករងសាខា
-ការចូលរួមមតិយោបល់របស់សមាជិក សមាជិកា នៃកិច្ចប្រជុំ
-មតិបូកសរុប និងបិទកិច្ចប្រជុំ ដោយឯកឧត្តម ប្រធាន គណៈកម្មាធិការសាខា
៥-ពីធីប្រគល់-ទទួលថវិកាសមាជិកភាពពីមន្ទីរអង្គភាពជុំវិញខេត្ត ប្រចាំឆ្នាំ២០២២ ។
នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខដល់សមាជិក សមាជិកានៃអង្គពិធី ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ ឯកឧត្ដម ប្រធាន បានបន្ថែមទៀតថា ចំពោះការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏ដូចជាអនុសាខា ក្រុង ស្រុក ទាំងអស់ គឺបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ ដោយមិនទុក្ខនរណាម្នាក់ចោល។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលតែងតែយកចិត្តទុកដាក់គាំទ្រចូលរួមរាល់សកម្មភាពរបស់សាខា ដើម្បីអោយសាខាមានទុនសម្រាប់ឆ្លើយតបទៅនិងសកម្មភាពមនុស្សធម៌របស់សាខា។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា ក្រុង ស្រុក ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌របស់សាខាកន្លងមក។