អ្នកនាំពាក្យស្នងការដ្ឋានខេត្តកណ្តាលបញ្ជាក់ពីករណីធ្លុះស័ង្កសីត្រូវកុមារីម្នាក់ឲ្យរងរបួស នៅស្រុកស្អាង,,,,
កណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន មួយចំនួនធ្វើការបង្ហោះ និងចុះផ្សាយថា មានករណីធ្លាក់វត្ថុរឹងត្រូវកុមារីម្នាក់បណ្តាលឱ្យរងរបួស នៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។ ភ្លាមៗនោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតចំពោះករណីខាងលើនេះ។ នេះបើយោងតាមលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានប្រាប់ឲ្យអង្គភាពព័ត៌មាន ឲដឹងនៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។
លោកឧត្ដមសេនីយ៍ត្រីបានបន្តថា កាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីធ្លាក់វត្ថុរឹងត្រូវរបួសមនុស្សនៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ជនរងគ្រោះមានឈ្មោះ សីហា អូនយ៉ា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបន្ទុក មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល រងរបួសក្រោមឆ្អឹងជំនី ផ្នែកខាងស្ដាំ។
លោក ឡាក់ ម៉េងធី បានបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើម្ដាយរបស់ជនរងគ្រោះ កំពុងដេកជាមួយកូនៗ នៅក្នុងផ្ទះស្រាប់តែកូនឈ្មោះ សីហា អូនយ៉ា ភេទស្រី បានស្រែកយំពេលនោះម្ដាយរបស់ជនរងគ្រោះក្រោកមកមើលកូនក៏ស្រាប់តែឃើញមានឈាមនៅចំត្រង់ពោះ របស់ជនរងគ្រោះតែម្ដង។ ហើយបានឆោឡោហៅក្រុមគ្រួសារបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យ។លោកបន្តថា តាមការពិនិត្យនៅកន្លែងកើតហេតុ ឃើញថាស័ង្កសី ដំបូលផ្ទះមានស្នាមធ្លុះ, ក្រណាត់ ចងជាប់់ពិដានធ្លុះ, មុងក៏មានស្នាមធ្លុះ។
លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានបញ្ជាក់ឲ្យដឹងថា ករណីខាងលើនេះ កម្លាំងជំនាញពាក់ព័ន្ធបានកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីកើតហេតុភ្លាមៗ ហើយកម្លាំងជំនាញកំពុងរងចាំក្រុមគ្រូពេទ្យធ្វើការវះកាត់យកគ្រាប់ចេញតែប៉ុណ្ណោះ ដើម្បីយកមកធ្វើកោសល្យវិច័យឲ្យដឹងការពិត៕