រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការ ជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យត្រូវតែជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់បឹងកប់ស្រូវ បង្ការ ទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ខណៈភ្លៀងនៅតែបន្តធ្លាក់។
មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៥ កញ្ញា ២០២១នេះថា ដើម្បីបង្ការ និងទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី០៤ខែកញ្ញា ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យធំបង្ហូរឆ្ពោះទៅកាន់បឹងកប់ស្រូវ។
កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូប្រអប់ខ្នាតធំចំនួន ៣ទីតាំងឆ្លងកាត់ប្រឡាយស្របផ្លូវរថភ្លើងរួចហើយ ថ្ងៃនេះក៏កំពុងដាក់លូប្រអប់ខ្នាតធំទំហំ ៧,២ម៉ែត្រx២,៤ម៉ែត្រ កាត់ទទឹងផ្លូវឆេកូ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងត្រៀមដាក់លូខ្នាតធំ១ទីតាំងទៀតឆ្លងកាត់ផ្លូវរថភ្លើងខ្សែទិសបាត់ដំបង។ សូមជម្រាបជូនថា ក្នុងរយៈពេល ១ខែនៃដំណើរការដ្ឋាននេះ កំណាត់ផ្លូវឆេកូ នឹងត្រូវបិទចរាចរ និងសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់ និងពង្វាងចរាចរដោយសេចក្តីអនុគ្រោះ៕