ខេត្តកណ្តាល៖ ពិធីជួបជុំសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការិនីរោងចក្រ ផ្លររីស ចំនួន៤២០នាក់ ក្រោមអធិបតីភាព ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភីន ផល្លា ជំនួយការផ្ទាល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ភីន ផល្លា បានសំណេះសំណាល និងសាកសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនីរោងចក្រទាំងអស់ និងបានផ្តល់ជាអំណោយបន្តិចបន្តួច ក្នុងម្នាក់ៗទទួលបានថវិការចំនួន២ម៉ឺនរៀល ព្រមទាំងបានឧបត្ថម្ភនូវភេសជ្ជៈស្រាបៀរចំនួន៤០កេស ដើម្បីអបអរសាទរមុនថ្ងៃឈប់សម្រាក ទៅចូលរួមបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិផងដែរ។
ឯកឧត្តម យូ សិរីវុឌ្ឍ បានថ្លែងអំណរគុណចំពោះបងប្អូនកម្មករ កម្មការិនីរោងចក្រ ផ្លររីស ចំនួន៤២០នាក់ និងបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ អនុវត្តបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ, រក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់។