ខេត្តតាកែវ/ ពលរដ្ឋនិយាយឡើងថា! តើមេភូមិចុងថ្នល់នឹងចៅសង្កាត់បារាយណ៍ ដែលនៅជាប់ផ្ទាល់និងពួកគាត់ ងងឹតភ្នែក ឬធ្វើមើលមិនឃើញរឿងបុគ្គលមានលុយថែមជាមន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់បានសង់របងថ្មរំលោភយកដីមាត់ប្រឡាយយុទ្ធសាស្រ្តនៅខាងកើតស្ពានចុងថ្នល់បានយ៉ាងរលូនបែបនេះ។ ដោយឡែកកន្លងមក លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់ថាលោកបានចាត់ឲ្យមន្រ្តី សាលាក្រុងហាមឃាត់ម្តងហើយ តែគេមិនស្តាប់ហើយនៅតែធ្វើរហូតទាល់តែហើយ។ លោកអភិបាលក្រុងបញ្ជាក់ថា÷មិនអីទេលោកនឹងចុះទៅដើម្បីឲ្យគេវាយរបងនឹងចេញ។ ទោះបីជាមានការបញ្ជាក់ពីលោកអភិបាលក្រុងបែបនេះក្តី មកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ របងថ្មដ៏រឹងមាំនេះ នៅតែលេចវត្តមានលើដីចំណីប្រឡាយខាងកើតស្ពានចុងថ្នល់នេះដដែល។
ប្រជាពលរដ្ឋជាច្រើនលើកឡើងថា÷ ប្រឡាយស្ពានចុងថ្នល់នេះ ជាប្រឡាយយុទ្ធសាស្ត្រ ដែលប្រជាពលរដ្ឋជាច្រើនទូទាំងសង្កាត់បារាយណ៍អាចយកទឹកពីប្រឡាយនេះ ស្រោចស្រពផលដំណាំ ពិសេសដំណាំស្រូវ។ ជាងនេះពួកគាត់បន្ថែមថា មួយរយៈចុងក្រោយនេះ ឃើញកើតមានសំណង់អណាធិបតេយ្យជាច្រើនលើខ្នងប្រឡាយ ហើយបើអាជ្ញាធរមិនមានវិធានការណ៍ទេ ច្បាស់ណាស់ប្រឡាយនិងរួមតូច រាក់មិនអាចមានទឹកប្រើប្រាស់បានទៀតនោះទេ៕