កំពង់ផែដងទង់ក្នុងខេត្តកោះកុង ដែលប្រើប្រាស់ថវិកាជាតិជាង ៣លានដុល្លារ បានបើកឱ្យប្រើប្រាស់ជាផ្លូវការ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី២៣ ខែមិថុនា បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែដងទង់ ដែលជាកំពង់ផែទេសចរណ៍ និងទំនិញរាយ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រុង លេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ នៃក្រុងខេមរភូមិន្ទ។
គម្រោងសាងសង់កំពង់ផែដងទង់នេះ ត្រូវបានចែកចេញជា ២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង១១៥ម៉ែត្រ, ទទឹងប្រវែង១៦ម៉ែត្រកន្លះ និងមានជម្រៅទឹកពី៤ម៉ែត្រទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់២ពាន់តោន អាចចូលចតបាន។
ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ, ផ្លូវបេតុង ចេញចូលផែ, អគារអ្នកដំណើររង់ចាំ, អគាររដ្ឋបាល, បន្ទប់ទឹកសាធារណៈ, ប្រព័ន្ធលូ, របង និងខ្លោងទ្វារជាដើម។
កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់នេះ គឺជាផ្នែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែប នៃហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ របស់កម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមានកម្ពុជា ថៃ និងវៀតណាម។