(ខេត្តកណ្តាល).ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ០៣ភូមិ គឺភូមិកណ្ដាល ភូមិលើ និងភូមិព្រែកប៉ុល ស្ថិតក្នុងឃុំបន្ទាយដែក និងភូមិកោះប្រាក់ ក្នុងឃុំភូមិធំ មានចំនួនសរុប ៣៩៨៩ប័ណ្ណ នៃស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្តកណ្តាល មានប្រសាសន៍ ជូន បងប្អូនប្រជាពលរដ្ឋ ជ្រាបថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។
“រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធនោះទេ”។