ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ចើញ
សំណេះសំណាលសាកសួរសុខទុក្ខ នាំយកអំណោយជាសំភារៈនិងថវិកា ជូនដល់ស្ត្រីសម្រាលកូន ស្ត្រីត្រៀមសម្រាប់កូន និងស្ត្រីមកពិនិត្យផ្ទៃពោះ សរុប ៤២នាក់ នៅឯមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី រការកោង ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ឯកឧត្ដម គង់ សោភ័ណ្ឌ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេច តែងតែគិតគូរយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ សម្តេចតែងណែនាំជាប្រចាំដល់មន្ត្រីទាំងអស់នៅក្រោមឱវាទចាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតជាបន្ទាន់ដោយអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិនៃកាកបាទក្រហម រួមមាន៖ ភាពមនុស្សធម៌ ,ភាពមិនលំអៀង ,អព្យាក្រឹតភាព ,ឯករាជ្យភាព ,សេវាកម្មស្ម័គ្រចិត្ត ,ឯកភាព និងសកលភាព ។
ឯកឧត្ដម គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើរស្ត្រីជាម្ដាយគ្រប់រូប
ត្រូវចេះថែរក្សាសុខភាព ពិសារអាហារដែលមានជីវជាតិល្អ មានវីតាមីន ថែរក្សាអនាម័យ ផឹកស្អាត ហូបស្អាត សម្ភារៈខ្លួន និងទារកត្រូវឧស្សាហ៍បោកសំអាតជាមួយសាប៊ូ ហាលថ្ងៃឱ្យបានត្រឹមត្រូវដើម្បីសម្លាប់មេរោគ រីឯអ្នកត្រៀមសម្រាលវិញ ត្រូវថែទាំខ្លួនឱ្យបានល្អ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ញ៉ាំអាហារឆ្ងាញ់ៗ មានវីតាមីន និងមកសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរបង្អែកស្រុក ចំណែកស្ត្រីកំពុងមានផ្ទៃពោះ ត្រូវឧស្សាហ៍មកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ញ៉ាំអាហារមានជីវជាតិ មានវីតាមីន កុំពិសារស្រា កុំជក់បារី នៅឱ្យឆ្ងាយពីអ្នកជក់បារី ខ្លាប៉ះពាល់សុខភាពខ្លួន និងទារកក្នុងផ្ទៃ និងត្រូវឧស្សាហ៍មកពិនិត្យផ្ទៃពោះ ហើយត្រូវសម្រាលនៅមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកស្រុក ចៀសវាងការសម្រាលបែបបុរាណ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។
សូមជម្រាបថា អំណោយដែលយកមកចែកជូនរួមមាន ៖ ឃីដ១កញ្ចប់ សារុង១ និងថវិការ១០ម៉ឺនរៀល សម្រាប់ស្ត្រីសម្រាលកូន និងត្រៀមសម្រាល ចំនួន១៩នាក់ ។ រីឯស្ត្រីមកពិនិត្យផ្ទៃពោះចំនួន២៣នាក់ មានថវិកា៥ម៉ឺនរៀល និងក្រម៉ា១ ៕