ព្រៃឈើនៅខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២នៅតែរងការបំផ្លាញយ៉ាងមហន្តរាយ
20/01/2022
ប្រភពពីសកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ខាងក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក។ ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចក្នុងស្រុកសេសាន បានឲ្យដឹងថា មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែបន្តសកម្មភាពកាប់ឈើនៅខាងក្រៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចូលទៅទីតាំងបាតអាងដើម្បីអារច្រៀក ហើយដឹកជញ្ជូនចេញវិញយ៉ាងរលូន។ មួយរយៈចុងក្រោយនេះឧកញ៉ា ជ័យ បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រយៈពេលជាងកន្លះខែមកហើយដែលឧកញ៉ា ជ័យ សម្រុកដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ តាមរថយន្តសាំយ៉ុងក្នុងមួយយប់ៗពី១០ទៅ១៥គ្រឿង។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកសេសាន បានឲ្យដឹងថា បើទោះបីនៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មតទៅទៀតក៏ដោយ ក៏ឧកញ៉ា ជ័យ នៅតែមានឈើដឹកជញ្ជូនចេញយ៉ាងពេញបន្ទុកដដែល។ សកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា ឈើទាំងនោះត្រូវបានគេបំពានកាប់ក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស នៅស្រុកសេសាន និងស្រុកសៀមប៉ាង ហើយដឹកជញ្ជូនចូលទីតាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឲ្យក្លាយជាឈើស្របច្បាប់។ ក្រោយពេលអារច្រៀករួចទើបឧកញ៉ា ជ័យ ធ្វើសកម្មភាពដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូនដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធច្រើនស្ថាប័នដែលគិតតែរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉យ៉ាង។
ប្រជាពលរដ្ឋក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានរិះគន់ថា លោក អភិបាលខេត្តស្ទឹងត្រែង និងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មិនចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែលកំពុងកើតឡើងយ៉ាងរាលដាលនៅស្រុកសេសាន និងស្រុកសៀមប៉ាង នោះទេ។ ជាក់ស្ដែងរយៈពេលជាងកន្លះខែកន្លងទៅនេះ ឈ្មួញសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដោយគ្មានញញើតអ្វីទាំងអស់ហើយព្រៃអភិរក្ស ព្រៃការពារ ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យឡើយ។ ប្រជាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ជាបន្ទាន់ព្រោះព្រៃអភិរក្ស ព្រៃសហគមន៍ និងព្រៃការពារក្នុងស្រុកទាំង២នេះ កំពុងរងការបំផ្លាញយ៉ាងរាលដាល។បឋម