កែប ៖ នាព្រឹកថ្ងៃទី ២៣ ខែមករាឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤២៣នាក់ ស្រី៣៦៩នាក់ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិត ថ្លៃ ក្នុងខេត្តកែប នៅបរិវេណ សាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងភូមិកែបសង្តាត់ កែប ក្រុងកែប ខេត្តកែប ។
ពិធីចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុនណ្ណារ័ត រដ្ឋលេខាធិការក្រសួងមុខងារ សាធារណៈ និងជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ ឯកឧត្ដម ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងចូលរួមដោយវេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋមកព្យាបាលជំងឺជាច្រើននាក់។
តាមចំណាប់អារម្មណ៍របស់ កញ្ញា វេជ្ជបណ្ឌិត សោ ស្រីពេជ្រ បញ្ជាក់ថា ក្រៅពីការពិគ្រោះ និងព្យាបាលជំងឺជូនបងប្អូននាពេលនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ ប្រជាជននៅទូទាំងប្រទេស រួមទាំងខេត្តកែបផង ឱ្យបន្តរួមសហការគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការរស់នៅតាមបែបគន្លងថ្មី ពាក់ម៉ាស់ជាប្រចាំ រក្សាអនាម័យ លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ យកអាល់កុលឬជែលតាមខ្លួន រក្សាគម្លាតសុវត្ថិភាពជាដើម តាមវិធានការ បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ ព្យាបាលជំងឺច្រើនឆ្នាំ រួមទាំងបានឆ្លងកាត់ការសិក្សា នៅក្រៅប្រទេស និងគ្រូពេទ្យទូទៅ មកពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនដោយឥតគិតថ្លៃ ក្នុងនោះ មានជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺប្ញសដូងបាត ក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ព្រូន ស្លេកស្លាំង រលាកថ្លើម សន្លាក់ឆ្អឹង កាមរោគ គ្រុនចាញ់ គ្រុនឈាម បេះដូង ទឹកនោមផ្អែម លើសឈាម តម្រងនោម ពិនិត្យអេកូ ជូនស្ត្រីមានផ្ទៃពោះ..។ ល។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ ដែលបានជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ចំនួន១០០០ នាក់ ដែលលើកនេះជាលើក ទី៣ហើយ ។ ឯកឧត្តម ក៏បានថ្លែងកោតសរសើរ ចំពោះ អាជ្ញាធរ សមត្ថកិច្ចគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានជួយរៀបចំចាត់ចែង និងសហការគ្នាយ៉ាងល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ជាហេតុធ្វើឱ្យការធ្វើសកម្មភាពពិនិត្យ ព្យាបាល របស់ក្រុមគ្រូពេទ្យបានប្រព្រឹត្តទៅដោយរលូន រហូតសម្រេចបាន នូវលទ្ធផលល្អប្រសើរ ដូច្នេះ ។
ជាមួយនេះ ឯកឧត្តម អភិបាលខេត្តសំណូមពរដល់ក្រុមគ្រូពេទ្យស្មគ្រចិត្ត សូមឱ្យ បន្តចុះជួយពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឯកឧត្តមអភិបាលខេត្ត ចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបាន ក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ៕