កំពង់ឆ្នាំង៖ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ជួន ជ័យសត្យា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដឹកនាំកិច្ចប្រជុំផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងកំពង់ឆ្នាំង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រុងកំពង់ឆ្នាំង និងសង្កាត់ទាំង៤។
ក្នុងនាមជាប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តកំពង់ឆ្នាំង ឯកឧត្ដម បានជំរុញឲ្យមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេស មន្ទីរទេសចរណ៍ និងអាជ្ញាធរក្រុងកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ និងបំពេញឲ្យបានគ្រប់ជ្រុងជ្រោយនូវរាល់សូចនាករគោលទាំង ៧ចំណុច សូចនាករលម្អិតទាំង ៤១ចំណុច និងលក្ខណៈវិនិច្ឆ័យទាំង ១១៣ចំណុច នៃស្តង់ដាទីក្រុងស្អាត ដើម្បីឲ្យក្រុងកំពង់ឆ្នាំងទទួលបានរំដួល ៣ទង ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់ឆ្នាំ ២០២២-២០២៥។