នៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២០៨រូប សមាសភាពគណៈអចិន្ត្រៃយ៍ចំនួន២៥រូប និងសមាភាពក្រុមការងារលេខាធិការដ្ឋានចំនួន ៧រូប រួមជាមួយការកាត់ខ្សែបូរ សម្ពោធទីស្នាក់ការរបស់ខ្លួន ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២ លោក ធា សថានី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានលើកឡើងថា យុវជនជាកម្លាំងស្នូលមួយដ៏សំខាន់ក្នុងការងារជួយដល់សង្គមជាតិ និងចូលរួមធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន និងធ្វើឱ្យប្រទេសមានសន្តិភាព។
លោកបានបន្តថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើងបច្ចុប្បន្ននេះ គឺអតីតពួកគាត់ជាយុវជន ដែលបានខិតខំតស៊ូរំដោះប្រទេសជាតិយើងឱ្យមានសន្តិភាព និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ។ លោកក៏បានជំរុញឱ្យយុវជនរបស់យើងនាសម័យនេះ ចូលរួមធ្វើសកម្មភាពឱ្យបានខ្លាំងក្លាបន្ថែមទៀតជួយដល់សង្គមជាតិ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនរបស់យើងបានធ្វើការងារសង្គមជាច្រើនហើយដែរ ជាពិសេសនៅក្នុងអំឡុងការរាតត្បាតខ្លាំងនៃមេរោគកូវិដ១៩ យុវជនយើងបានចេញមកសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេតសៀមរាប បានបង្ហាញថា នេះគឺជាជំហ៊ានមួយទៀតនៃការឈោងចាប់យករចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងបានកត់សម្គាល់ដែរថា ជាវឌ្ឍនភាពក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ លើវិថីនៃចលនារបស់យុវជនកម្ពុជា។
លោកអភិបាលស្រុកបន្តថា ការរៀបចំរចនាសម័្ពន្ធនេះ នឹងអាចឈានទៅដល់ការផ្ទេរនូវការងារសង្គមមួយចំនួន ដែលកន្លងមក រដ្ឋបាលស្រុកជាអ្នកដឹកនាំហើយ ស.ស.យ.ក ជាអ្នកចូលរួមឱ្យមានការផ្លាស់ប្តូរកែសម្រួលទៅជាចលនាបង្កើតគំនិតផ្តួចផ្តើមថ្មីៗរបស់យុវជន ហើយរដ្ឋបាលស្រុក ជាអ្នកគាំទ្រវិញ។ លោកបន្ថែមថា ការគិតបែបនេះ អាចនឹងពង្រឹងបានកាន់តែរឹងមាំកម្លាំងយុវជន ក្រោមការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋបាលស្រុក។
លោក ហួត សូនី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបន្ទាយស្រី បានប្តេជ្ញាថា បន្តខិតខំប្រឹងប្រែងទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាពភាព បូរណភាពទឹកដី។ លោកបានឱ្យដឹងទៀតថា ចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជួយដល់សង្គម ចូលរួមធ្វើការអភិវឌ្ឍប្រទេសឱ្យកាន់តែមានការរីកចម្រើន ដើម្បីសុខដុមរមនានៃសង្គមសម្រាប់ប្រជាជនយើង៕