នៅព្រឹកថ្ងៃទី០៧ ខែកុម្ភះស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្នុងសង្កាត់អូឫស្សី ក្រុងក្រចេះ ឆ្ពោះ ទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ប្រវែងជាង៩៣គីឡូម៉ែត្រ ។
កំណាត់ផ្លូវប្រវែង ៩៣,៥៦៥គ.ម នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៧ នេះ ត្រូវបានស្ដារឡើងវិញចាប់តាំងពីខែមេសា ឆ្នាំ២០១៦ និងស្ថាបនាជួសជុលរួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ។
បើតាមក្រសួងសាធារណការ និងដឹក ជញ្ជូន ឱ្យដឹងថា នេះគឺជាគម្រោងលើកទី ១ហើយ ដែលក្រុមហ៊ុនភាគីចិនប្រគល់ឱ្យក្រសួងសាធាណការ និងដឹកជញ្ជូន ធ្វើការសិក្សា គំរូប្លង់ដោយខ្លួនឯង និងប្រើប្រាស់នីតិវិធីលទ្ធកម្មជ្រើសរើសទីប្រឹក្សាបច្ចេក ទេសត្រួតពិនិត្យ សាងសង់ និងក្រុមហ៊ុនម៉ៅការសាងសង់ខ្លួនឯង។
សូមជម្រាបថា គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ដែលជាជំនួយឥតសំណងរបស់ចិន តម្លៃជាង ៣៣ លានដុល្លារនេះ ត្រូវបានក្រាលបេតុងកៅស៊ូ AC កម្រាស់ ០,១០ម៉ែត្រ និងបបំពាក់គ្រឿងសង្ហារឹមផ្លូវថ្នល់គ្រប់គ្រាន់ ដដែលអនុវត្តការងារដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG)៕