ដើម្បីបង្កើនសោភណភាពក្នុងមូលដ្ឋាន ក៏ដូចជាតាមដងផ្លូវសាធារណៈ នៅថ្ងៃទី ១៧ ខែកក្កដានេះ ក្រុមការងារនៃមន្ទីរព័ត៌មានខេត្តកណ្តាល បានសហការជាមួយបណ្តាក្រុមហ៊ុនស្រាបៀរនានា ចុះរុះរើនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។ ទាក់ទងទៅនឹងការចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរតាមកំណាត់ផ្លូវជាតិលេខ១នេះដែរ ក្រៅពីការបង្កើនសោភណភាពតាមដងផ្លូវ ក៏ជាការចូលរួមរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងក៏ជាការចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរដែលអាចកើតមានឡើងដោយការដាក់តាំងមិនរៀបរយរបស់ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ ។