ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២៥-២០២៧ ដោយមានការអញ្ជើញចូលរួមពីអង្គភាពជុំវិញខេត្តចូលរួមផងដែរ។
កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើគម្រោងផែនការចំណូល-ចំណាយថវិកាសម្រាប់ឆ្នាំ២០២៥-២០២៧ របស់រដ្ឋបាលខេត្តកណ្ដាល ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការគ្រប់គ្រងការប្រមូលចំណូល និងការសម្របសម្រួលចំណាយ និងការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ថវិកាជាតិឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តកណ្ដាលបានគិតគូរយ៉ាងហ្មត់ចត់ និងច្បាស់លាស់អំពីការជ្រើសរើសសកម្មភាពអាទិភាពដាក់បញ្ចូលក្នុងទិសដៅការងារអនុវត្តសម្រាប់ឆ្នាំ២០២៥ ដោយបានរៀបចំផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំ(BSP) ដើម្បីឱ្យស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ សារាចរណែនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជាមូលដ្ឋានក្នុងការដាក់បញ្ចូលក្នុងកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសថវិកាសម្រាប់ឆ្នាំ២០២៥នេះ និងសម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នាពេលខាងមុខ។