(ភ្នំពេញ)៖ ព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ ពិការ ពលី គ្រួសារយោធិនជួបការខ្វះខាត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)។
សមាសភាពអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យចំណុះមន្ទីរ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការ បានមានប្រសាសន៍ពាំនាំ និងធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខ ក្តីនឹករំលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនយោធិនចូលសោធននិវត្តន៍ ពិការ ពលី មរណៈ និងគ្រួសារយោធិនជួបការខ្វះខាតលំបាក មានដូចជា៖
១.សោធននិវត្តន៍ ១៣៨ នាក់
២.យោធិនពិការ ០៩ នាក់
៣.គ្រួសារពលី ១៣ នាក់
ក្នុងមួយគ្រួសារ អង្ករ២បាវ = ៥០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ២កេស និងថវិកា១០០,០០០(មួយសែនរៀល)។
៤.គ្រួសារយោធិនក្រីក្រជួបការលំបាកបានឧបត្ថម្ភជាអចិន្ត្រៃយ៍ប្រចាំខែ ចំនួន ២៥គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២បាវ = ៥០គីឡូក្រាម និងថវិកា១៥០,០០០(មួយសែនប្រាំម៉ឺនរៀល)។