ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាលបានទទួលស្វាគមន៍ គណៈប្រតិភូរណសិរ្សវៀតណាមខេត្តអានយ៉ាង ដឹកនាំដោយលោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង អញ្ជើញមកជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកសរុបចំនួន១០០នាក់ ក្នុងភូមិសាស្ត្រសង្កាត់រកាខ្ពស់ និងសង្កាត់កំពង់សំណាញ់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នុត ពុធដារ៉ា អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកណ្តាល និងលោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង បានថ្លែងថា៖ការចែកជូនអំណោយ និងការសាកសួរសុខទុក្ខជូនចំពោះពូ មីង បងបង្អួនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះគឺជាមនោសញ្ចេតនារវៀងប្រជាជនប្រទេសទាំពីរ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។
លោកស្រី ហា មិញចាង អនុប្រធានគណៈអចិន្ត្រៃយ៍រណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង បានមានប្រសាសន៍ថា៖រណសិរ្សខេត្តអានយ៉ាង កន្លងមក បានរៀបចំប្រតិភូមកចុះជួបសួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ដល់ពលរដ្ឋមានជីវភាពលំបាកក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺស្របទៅនឹងអនុស្សរណៈនៃការយោគយល់គ្នា រវាងរណសិរ្សខេត្តទាំងពីរ កណ្តាល-អានយ៉ាង ដែលបានចុះហត្ថលេខាព្រមព្រៀងនាពេលកន្លងមក។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ខេត្តទាំងពីរ និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពបន្ថែមទៀត នាពេលអនាគត ដើម្បីសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍ និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាព កាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ។
គួរបញ្ជាក់ថាអំណោយដែលយកមកចែកជូនប្រជាពលរដ្ឋក្នុងពេលនោះរួមមាន៖អង្ករមួយបាវតូច មីមួយកេស និងថវិកាមួយចំនួនផងដែរ។