គេហទំព័រ ពន្លឺ តាខ្មៅ www. punleutakhmaohotnews. com
ព្រះវិហារ ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំមន្ដ្រីរាជការជុំវិញខេត្ត ធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅចំណុចប៉ើយតាឌីលើប្រាសាទព្រះវិហារ ស្ថិតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពិធីនេះ មានការ អញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត សសយក ព្រមទាំងមន្ដ្រីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។
ពិធីអុជធូបបួងសួង ថ្វាយភ្លេងពិណពាទ្យ និងគ្រឿងសក្ការៈបូជាជាច្រើនមុខនាពេលនេះ ដើម្បីឧទ្ទិសដល់បារមីលោកតាឌី និងឧទ្ទិសដល់បារមីវត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រទានពរជ័យ សិរីមង្គល បវរមហា ប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ឲ្យចៀសផុតពីរោគភ័យទាំងពួង ពិសេសជំងឺកូវីដ១៩ ព្រមទាំងឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះ ជាតិមាតុភូមិឱ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។
បន្ទាប់ពីពិធីបួងសួងត្រូវបានបញ្ចប់រួចមក ឯកឧត្តមអភិបាលខេត្តបានដឹកនាំក្រុមការងារ ចុះសួរ សុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំទិសប្រាសាទព្រះវិហារ ។ ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខ នៅពេលនោះ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសាកសួសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំង ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ផងដែរថាក្នុងឱកាសនោះឯកឧត្តមនិងលោកជំទាវក៏បាននាំមកនូវថវិកាមួយចំនួនជូនកងកម្លាំងនិងអង្គភាពផងដែរ៕