រឿងជ្រូកព្រៃ ដីភ្នំតាម៉ៅ ត្រូវបានរាជរដ្ឋាភិបាលបានដោះស្រាយបញ្ចប់ហើយ នៅឡើយតែរឿងដីធ្លីមនុស្សទេ ជិត២០ឆ្នាំ ពេលណាទើបចប់។
នៅថ្ងៃទី៨ ខែសីហានេះ ឯកឧត្តម ហួន រដ្ឋា បានលើកឡើងនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ខ្ញុំពិតជាមានការសោកសង្រែងណាស់សំរាប់ប្រជាពលរដ្ឋក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានរងគ្រោះជាច្រើនឆ្នាំ រហូតបានក្លាយទៅជាសំណុំរឿងដុះស្លែហើយ ហើយក៏ប្តូរអភិបាលខេត្តរហូតទៅដល់ ៥រូហើយផងដែរ នៅតែមិនអាចដោះស្រាយបាន តើប្រជាពលរដ្ឋរងទុក្ខប៉ុណ្ណា?
ឯកឧត្តមបានបន្តថា នៅក្នុងរឿងនេះក៏មានការអន្តរាគមន៍ជាច្រើនពីស្ថាប័នរាជរដ្ឋាភិបាល ក៏ប៉ុន្តែមិនមានការដោះស្រាយជូនពលរដ្ឋ ផ្ទុយទៅវិញមានតែការចោទប្រកាន់ពលរដ្ឋទៅវិញថា ជាប្រជាពលរដ្ឋអណាធិបតេយ្យទៅវិញ។
កន្លែងនេះខ្ញុំឆ្ងល់ទៀតហើយថា បើប្រជាពលរដ្ឋអណាធិបតេយ្យ តើហេតុអ្វីមេភូមិមេឃុំបញ្ជាក់ថា ជាពលរដ្ឋរស់នៅក្នុងភូមិ៤របស់គាត់តាំងពីឆ្នាំ១៩៩០ រហូតមក នេះបើយោងតាមរបាយការណ៍មួយរបស់មេភូមិ៤ជូនទៅអភិបាលខេត្តព្រះសីហនុ ហើយយោងលើស្ថិតិពលរដ្ឋភូមិ៤ជាក់ស្តែង ថ្នាក់ដឹកនាំខេត្តនៅតែមិនព្រមដោះស្រាយជូនពលរដ្ឋដដែល ស្របជាមួយលិខិតបែបបទគតិយុទ្ធផ្សេងៗពីស្ថាប័នរាជរដ្ឋាភិបាលដើម្បីអោយខេត្តធ្វើការដោះស្រាយ។
ឯកឧត្តមបញ្ជាក់ថា ជាការពិតដោយសារពលរដ្ឋទាំងអស់នោះមានទំនាស់ជាមួយអ្នកមានលុយមានអំណាច ទើបពួកគាត់ក្លាយខ្លួនទៅជាប្រជាពលរដ្ឋអណាធិបតេយ្យដូច្នេះ។ ហើយអ្នកមានលុយមានអំណាចត្រូវបានមន្ត្រីមួយចំនួនទទួលស្គាល់ថា ជាម្ចាស់ដីស្របច្បាប់ ប៉ុន្តែបែរជាអាជ្ញាធរភូមិឃុំបញ្ជាក់ក្នុងរបាយការណ៍ថា មិនមែនជាពលរដ្ឋក្នុងភូមិ មិនដែលស្គាល់បុគ្គលមានលុយមានអំណាចនោះទេ ហើយមេភូមិបានឆ្ងល់ថា ហេតុអ្វីបានជាបុគ្គលនោះអាចមកយកដីនៅក្នុងភូមិគាត់បាន បើអាចគូរប្លង់យកបានពីលើអញ្ចឹង តើពលរដ្ឋគាត់បានកន្លែងណារស់នៅ? ហើយជិត២០ឆ្នាំមកនេះមិនព្រមដោះស្រាយ តើអាចមានការពាក់ព័ន្ធនឹងផលប្រយោជន៍នៅពីក្រោយខ្នងដែរឬទេ?
ឯកឧត្តម ហួន រដ្ឋា បានបន្តទៀតថា សម្តេចតេជោជាគោរព បងប្អូនជនរួមជាតិជាទីស្រឡាញ់ បញ្ហាភ្នំតាម៉ៅ គឺជារឿងមួយបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងបងប្អូនជនរួមជាតិ ហើយត្រូវបានដោះស្រាយក្នុងរយ:ពេលដ៏ខ្លីផងដែរ នៅក្នុងចំណុចនេះខ្ញុំក៏សង្ឃឹមថា បងប្អូនជនរួមជាតិ និងប្រមុខរាជរដ្ឋាភិបាល និងបន្តការយកចិត្តទុកដាក់បញ្ហាដីធ្លីរាំរៃជិតម្ភៃឆ្នាំនេះស្ថិតនៅក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អោយពួកគាត់ទទួលបានការដោះស្រាយពីប្រមុខរាជរដ្ឋាភិបាលបានឆាប់ដូចរឿងភ្នំតាម៉ៅផង ហើយបើទោះបីជាដំណោះស្រាយនោះបែបណាក៏ដោយអោយតែដោះស្រាយបានឆាប់ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងឯកភាពលើដំណោះស្រាយនោះ ហើយខ្ញុំក៏បានគិតថា ប្រជាពលរដ្ឋក៏គិតដូចខ្ញុំដែរ ព្រោះទំនាស់នេះច្រើនឆ្នាំពេកហើយ។
ឯកឧត្តម ក៏បានឆ្លៀតក្នុងឱកាសនេះថា ខ្ញុំក៏សូមមេត្តាអភ័យទោសពីបងប្អូនប្រជាពលរដ្ឋ៥៦គ្រួសារ ស្ថិតនៅក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានស្នើសុំមក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីសុំការអន្តរាគមន៍ពី សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ជួយដល់ពួកគាត់។ ហើយនៅក្នុងរឿងនេះខ្ញុំសូមជំរាបបងប្អូនមេត្តាជ្រាបថា ដោយសាររឿងនេះ បងប្អូនបានស្នើប្រតិភូគណបក្សធម្មាធិបតេយ្យ នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជួយអន្តរាគមន៍រួចហើយ ដូច្នេះ ប្រតិភូបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មិនអាចជួយអន្តរាមគន៍ក្នុងសំណុំរឿងតែមួយបានទេ ព្រោះមន្ត្រីលេខាធិការដ្ឋាន អោយមើលព្រះរាជក្រិត្យ ដូច្នេះ ប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មិនអាចដំណើរការទៅបានទេ។
ប៉ុន្តែក្នុងករណីសំណុំរឿងដែល ប្រតិភូបក្ស នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មិនទាន់បានទទួលទេ នោះប្រតិភូយើងនឹងស្នើសុំបេសកកម្មសិក្សាស្រាវជ្រាវរាយកាណ៍ជូន សម្តេចតេជោ ជ្រាបបាន។ ដូច្នេះបើបងប្អូនចង់អោយ ប្រតិភូគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជួយអន្តរាគន៍សូមស្នើសុំមកបើទោះរឿងនោះត្រូវបានប្រឈមជាមួយនិងអ្នកមានលុយមានអំណាចធំណាក៏ដោយ ក៏ប្រតិភូយើងធ្វើដើម្បីប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដដែរ។
ជាមួយគ្នានេះខ្ញុំសង្ឃឹមថា បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋកម្ពុជានឹងត្រូវបានទទួលភាពយុត្តិធម៌គ្រប់គ្នា និងមិនរងគ្រោះតទៅទេ ជាពិសេសគឺ សម័យ សម្តេចតេជោ នេះតែម្តង។