អាជ្ញាធរខេត្ត បានផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម
ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយច្បាប់ទាក់ទង នឹងការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានយល់ជ្រួតជ្រាបអំពីទោសទ័ន្ទ សិទ្ធ និងចូលរួមសហការបង្ក្រាប អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីការពារ លើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ។
លោកជំទាវ បានមានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ នៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល និងនៅឃុំសំបួរ ស្រុកល្វាឯម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។
លោកជំទាវអភិបាលរងខេត្ត លើកទឹកចិត្តដល់ អ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំ កូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាមូលហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
លោកជំទាវបានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកលថ្មី ដែលនៅតែបន្តកើតមានអាស្រ័យកត្តា៣គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឪកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្សមិន ត្រឹមតែជាការជួញដូវ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមានទំនោរទៅរកអំពើ ជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែនដែលហៅថា បទអន្តរការីនៃអំពើពពោះជំនួស ដែលបញ្ហានេះគឺជាកង្វល់របស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ ខេត្ត ដើម្បីឆ្លើយតបនឹងបញ្ហានេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មានតួនាទីសំខាន់ណាស់ ក្នុងការដាក់វិធានការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ជៀសវាងការរីករាលដាលនៃបទល្មើស និងបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងៗ។
លោកជំទាវបន្តថា ចំពោះករណីអំពើហិង្សាក្នុងគ្រួសារ ក៏ជាបញ្ហាប្រឈមមួយដែល នៅតែបន្តកើតមានគ្រប់រួបភាពទាំងអស់នៅក្នុងសហគមន៍ ដែលជះឥទ្ធិពល ដល់សង្គមយ៉ាងខ្លាំង ជាដើមហេតុនៃការបាត់បង់ធនធានមនុស្ស សេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ មានបញ្ហាផ្លូវចិត្ត ធ្វើឱ្យក្រុមគ្រួសារគ្មានសុភមង្គល សង្គមគ្មានការអភិវឌ្ឍដែលត្រូវទាមទារឱ្យយើងទាំងអស់គ្នាធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ក្នុងវេទិកានេះ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយច្បាប់ ជូនដល់អ្នកចូលរួមទាំងអស់ ដោយបញ្ជាក់ជូននូវមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឱ្យមានកើតបទល្មើសដោយចេតនាផងដែរ។ យោងតាមមាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចែងថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬ នាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំដល់១៥ ឆ្នាំនិង ផ្ដន្ទាទោសឧក្រិដ្ឋជន ដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ២០ឆ្នាំ ក្នុងករណីដែល ជនជនរងគ្រោះជាអនីតិជន។ យោងតាមមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជា ការប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល) បើអំពើ ហិង្សានេះ ត្រូវបានប្រព្រឹត្តដោយសហព័ទ្ធ ឬដោយអនីតិសង្វាសជន របស់ជនរងគ្រោះ។