ចាប់ជនបរទេស៨២នាក់នៅកោះកុង រឿងលួចលេង ល្បែងស៊ីសង
កោះកុង : សមត្ថកិច្ចឲ្យដឹងថា កាលពីរសៀលថ្ងៃទី២១ កញ្ញា ម្សិលមិញ គេបានចាប់ខ្លួនជនបរទេសភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី និងវៀតណាមសរុបចំនួន ៨២ នាក់ពីផ្ទះសំណាក់មួយកន្លែងដែលមានយីហោ «ថាន់ តាយ» ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ ពីបទថា ពួកគេទាំងនោះបានផ្ដុំគ្នាលេងល្បែង ស៊ីសង ខុសច្បាប់ ។
លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេរមភូមិន្ទ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា លោកបានចាត់កម្លាំងសមត្ថកិច្ចក្រោមឱវាទ តាមដានវត្តមានជនអន្តោប្រវេសន៍ក្នុងមូលដ្ឋាន២ថ្ងៃមកហើយ ពោលគឺទើបរកឃើញទីតាំងរបស់ពួកគេ និងដាក់ការសង្ស័យថា លួចលាក់ប្រព្រឹត្តិបទល្មើសល្បែងស៊ីសងតាមអនឡាញ។
បើតាមលោកអធិការ ក្រុមជនអន្តោប្រវេសន៍ទាំង៨២ នាក់នោះ បានធ្វើដំណើរមកពីខេត្តព្រះសីហនុ រួចហើយមកស្នាក់នៅផ្ទះសំណាក់ «ថាន់ តាយ» ដោយម្ចាស់ផ្ទះសំណាក់មិនបានរាយការណ៍ផ្តល់ព័ត៌មាន មកកាន់អាជ្ញាធរសមត្ថកិច្ចនោះឡើយ។
ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំង៨២នាក់នោះ មាន៧នាក់ជាជនជាតិវៀតណាម ដែលពុំមានលិខិតឆ្លងដែន និងឯកសារគ្រប់គ្រាន់ ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋានគរបាលខេត្តភ្លាមៗ ដើម្បីកសាងសំណុំរឿងបន្ត ។ តាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីតាំងអាជីវកម្មណាក៏ដោយដែលលបលួចបើកឱ្យមានល្បែងស៊ីសងខុសច្បាប់នោះនឹងត្រូវបញ្ជាឱ្យបិទអាជីវកម្មទាំងមូល។ ប៉ុន្តែគេមិនទាន់ដឹងថា សមត្ថកិច្ច នឹងចាត់វិធានការយ៉ាងណាចំពោះផ្ទះសំ ណាក់ដែលមានយីហោ “ថាន់តាយ” ខាងលើនោះទេ ៕