(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យកសិករយកចិត្តទុកដាក់ អំពីពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្ថានភាពដី និងពេលវេលា ដែលត្រូវប្រើ ចៀសវាងប៉ះពាល់ដល់សុខភាពខ្លួនឯង អ្នកបរិភោគ និងបរិស្ថាន។
ការជំរុញបែបនេះ ក្នុងឱកាសដែលលោក វេង សាខុន និងក្រុមការងារ ចុះមកពិនិត្យ និងវាយតម្លៃលើការងារបង្កបង្កើនផលស្រូវរដូវវស្សាដើមរដូវ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។
លើសពីនោះទៀត រដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តចុះជួយផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស ដល់បងប្អូនកសិករ។
ជាមួយគ្នានោះ លោក វេង សាខុន សុំឲ្យសមាជិកសហគមន៍ ត្រូវចូលរួមថែរក្សាស្ថានីយ និងប្រឡាយទឹក ឲ្យបានគង់វង្ស ដើម្បីទុកប្រយោជន៍យូអង្វែងផងដែរ។