អ្នកលក់ដូរនៅតាមដងផ្លូវវមាត់ទន្លេក្រុងតាខ្មៅចោទសួរថា { បុរសម្នាក់ដើរប្រមូលលុយពីពួកគាត់ជារៀងរាល់ថ្ងៃជានរណា,,}
កណ្តាល៖ អាជីវករកើតជំងឺឆ្ងល់សឹងគ្រប់ៗគ្នាថា តើបុរសម្នាក់នេះ គាត់មកពីណា រស់នៅឯណា ធ្វើកិច្ចការអ្វី ហើយត្រូវជាយ៉ាងម៉េចជាមួយលោកចៅសង្កាត់តាខ្មៅ ជៀម ខូយ បានមួយថ្ងៃៗជិះម៉ូតូដើរយកលុយពីអ្នកលក់ដូរតាមចិញ្ចើមថ្នល់រាល់ថ្ងៃមិនលុះថ្ងៃណានោះទេ មិនថាថ្ងៃបុណ្យ ថ្ងៃឈប់សម្រាក ថ្ងៃធម្មតា ឬថ្ងៃប្រណាំងទូកនេះទេ មួយកន្លែងទារ២០០០រៀល បើមិនឲ្យគឺមិនចេញ ហើយបើហ៊ានមិនឲ្យគឺមិនឲ្យលក់ឬដេញឈប់ឲ្យលក់ទៀត ហើយចម្ងល់មួយទៀតសួរថាតើ បុរសម្នាក់នេះ យកលុយឲ្យអ្នកណា លុយទាំងនេះយកទៅធ្វើអ្វី ចែកគ្នាចាយ ផឹកស៊ី ច្រៀងKTV ចិញ្ចឹមប្រពន្ធ កូន ឬយកធ្វើអ្វី? នេះជាការលើកឡើងរបស់ក្រុមអាជីវករដែលសូមមិនបញ្ចេញឈ្មោះឲ្យបណ្ដាញព័ត៌មាន ( ពន្លឺតាខ្មៅ ) ដឹងនៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។
បើតាមប្រភពព័ត៌មានដែលទទួលបានថា បុរសម្នាក់នេះ ត្រូវបានលោកចៅសង្កាត់តាខ្មៅ ជៀម ខូយ បញ្ជាឱ្យកូនចៅដើរទារលុយពីអ្នកលក់ដូរមួយកន្លែងស្មើនឹងចំនួន២០០០រៀលក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ រយៈពេលថ្ងៃនេះ ខណៈពេលដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ និងបានផ្ដល់ស្នាមញញឹម សប្បាយរីករាយជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងបងប្អូនចំណុះទូក ង នាថ្ងៃទី៣០ ខែតុលានេះផងដែរ។
ប្រភពបានបន្តទៀតថា បុរសជាជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលធ្វើការឃាត់និងសួរនាំតាមនីតិវិធីនៅទីបញ្ជាការស្រាលនាមាត់ទន្លេក្រុងតាខ្មៅ។
ប្រភពព័ត៌មានច្បាស់ការមួយបានខ្សឹបឲ្យដឹងថា ចំពោះបុរសម្នាក់ដែលដើរទារលុយពីអ្នកលក់ដូរនេះ នឹងអាចដោះលែងឲ្យទៅផ្ទះវិញបាន លុះត្រាតែមានការធានាអះអាងពីលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ទើបអនុញ្ញាត។ ប្រភពដដែលបញ្ជាក់ថា លោកចៅសង្កាត់ម្នាក់នោះ ព្រមទទួលកំហុសហើយថា ពិតជាកូនចៅរបស់ខ្លួនមែន។
គួរជម្រាបជូនថា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមអបអរសាទរក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីជាការអបអរសាទរនៅព្រះរាជពិធីអំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែខាងពេលខាងនោះ ក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុត៕