សម្តេចភក្តី សាយ ឈុំ អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៣ ក្រោមប្រធានបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន”…
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងពិធីបើកមហាសន្និបាតអាយប៉ា លើកទី៤៣ ក្រោមប្រធានបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន”… នៅសណ្ឋាគាសុខាភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
អន្តរសភាអាស៊ាន (អាយប៉ា/ AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ានដែលតំណាងឱ្យពលរដ្ឋប្រមាណជិត៧០០ លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព។ អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
មហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/ AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកនេះ ជាការជួបជុំគ្នាដោយផ្ទាល់លើកដំបូងរបស់អាយប៉ា ក្រោយពីការរាតត្បាតនៃជំងឺកូវីដ១៩ ជាសកល តាំងពីឆ្នាំ២០១៩ មកនោះ។
មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ជាព្រឹត្តិការណ៍សំខាន់មួយ ដែលសភាកម្ពុជា និងគណៈប្រតិភូសភាសមាជិកទាំងអស់បានជួបជុំ ធ្វើការចែករំលែកបទពិសោធន៍ ទស្សនៈវិស័យរៀងៗខ្លួននៅក្នុងគ្រួសារអាយប៉ា ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិទូទាំងសកលលោក ។ ក្រោមម្លប់នៃសុខសន្តិភាព និងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ បានយ៉ាងល្អ។