សាសន៍៧ចំណុចរបស់ប្រមុខក្រសួងសេដ្ឋកិច្ចកម្ពុជាដើម្បីចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករឱ្យអស់សក្តានុពល
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ដែលជាវិស័យមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀងរបស់ជាតិ ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ»។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៧ចំណុច ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបតែបោះឆ្នោតជ្រើសក្បាលម៉ាស៊ីនដឹកនាំថ្មី នាអាណត្តិទី៤នេះ «ដើម្បីចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាឱ្យអស់សក្តានុពល ដែលនឹងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ»។
ខាងក្រោមនេះ ជាអនុសាសន៍ទាំង៧ចំណុចរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖
*ទី១-ត្រូវបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៣- ២០២៧) ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងជាពិសេសបង្កើនសមត្ថភាពលើការស្រាវជ្រាវ និងការវិភាគទីផ្សារស្រូវអង្ករក្នុងតំបន់ និង សកល ព្រមទាំងធ្វើការចែករំលែកព័ត៌មានអំពីទីផ្សារ ប្រកបដោយតម្លាភាព ។
*ទី២-ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក សំដៅបង្កើនអំណាចចរចា (bargaining power) ជាមួយអ្នកបញ្ជាទិញ ពង្រឹងភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញផ្សេងទៀត និង ពិនិត្យលទ្ធភាព ក្នុងការរៀបចំយុទ្ធសាស្រ្តកំណត់ថ្លៃរួមមួយ ក្នុងក្របខណ្ឌសហព័ន្ធសម្រាប់លក់អង្ករទៅទីផ្សារអន្តរជាតិ ។
*ទី៣-ត្រូវបន្តផ្សព្វផ្សាយម៉ាកអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ និង ចាប់យកកាលានុវត្តភាព ឱ្យអស់សក្ដានុពលពីទីផ្សារ និងពន្លឿនការធ្វើពិពិធកម្មទីផ្សារនាំចេញ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន ជាអាទិ៍ៈ ក្របខណ្ឌនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ (RCEP)
*ទី៤-ត្រូវបន្តចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញផលិតកម្មពូជសុទ្ធ ដូចជា ស្រូវក្រអូប និង ស្រូវផ្ការំដួល ហើយធ្វើការផ្គត់ផ្គង់ទៅកសិករ និង សហគមន៍កសិកម្ម ក្នុងកម្រិតថ្លៃសមរម្យ តាមរយៈយន្តការនៃភាពជាដៃគូររវាងរដ្ឋ និងឯកជន ។
*ទី៥-ត្រូវបន្តពង្រឹងសមត្ថភាពរោងម៉ាស៊ីនកិនស្រូវ ក្នុងការបង្កើនប្រសិទ្ធភាពនៃការកែច្នៃអង្ករ ការគ្រប់គ្រងហិរញ្ញវត្ថុ និង ការរៀបចំផែនការអាជីវកម្ម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការច្របាច់បញ្ចូលគ្នា ឬសហការគ្នា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រវាងរោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញតូចៗ សំដៅបង្កើនឧត្តមភាពនៃសេដ្ឋកិច្ចមាត្រដ្ឋាន (Economic of Scale) ។
*ទី៦-ត្រូវពង្រឹងការសម្របសម្រួលការអនុវត្តកសិកម្មតាមកិច្ចសន្យា រវាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និង សហគមន៍កសិកម្ម ព្រមទាំងជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានា ពិសេសជាមួយដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់នូវជំនួយបច្ចេកទេស និង ការផ្ទេរបច្ចេកវិទ្យាសម្រាប់ ការអភិឌ្ឍកសិដ្ឋានខ្នាតតូច និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកទេសថ្មីៗ និងនវានុវត្តន៍ផ្សេងៗ ក្នុងការសម្របខ្លួន និង ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងបង្កើនផលិតភាពបន្ថែម ។
*ទី៧-សហព័ន្ធស្រូវអង្ករកម្ពុជា និង រោងម៉ាស៊ីនកិនស្រូវទាំងអស់ ត្រូវសហការជិតស្និទ្ធ និង ខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការធ្វើការជាមួយក្រុមការងារអចិន្រ្តៃយ៍អន្តរស្ថាប័ន ដែលនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗ ដោយមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ និង ក្រសួងពាណិជ្ជកម្ម ជាសហប្រធាន និង មានការចូលរួមពីធានាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម អាជ្ញាធរដែនដី និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការជាប្រចាំក្នុងការ ជំរុញការទិញស្រូវពីប្រជាកសិករ រក្សាស្ថិរភាពថ្លៃស្រូវ និង គ្រប់គ្រងសតិអារម្មណ៍ប្រជាកសិករ នៅរាល់រដូវច្រូតកាត់ ដោយរៀបចំគិតគូរជាផែនការផ្អែកលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ តាំង ពីពេលដាំដុះ ពេលច្រូតកាត់ ការទិញ ការដឹកជញ្ជូន ការផ្តល់ហិរញ្ញប្បទាន និង យន្តការសម្របសម្រួលកំណត់ថ្លៃ ។
មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រវិស័យស្រូវអង្ករ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា តាមរយៈយន្តការមួយចំនួន រួមមាន៖
*១-ការបន្តផ្តល់ការលើកទឹកចិត្ត ផ្នែកសារពើពន្ធដល់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ។
*២-ការបង្កើនការផ្ដល់ហិរញ្ញប្បទានសម្បទាន។
*៣-ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទីក និង ប្រព័ន្ធស្រោចស្រព។
*៤-ការពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន និង ការអនុវត្តគោលនយោបាយពាក់ព័ន្ធ។
*៥-ការធ្វើពិពិធកម្មទីផ្សារ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចសហប្រតិបត្តិការទ្វេភាគីនានាជាមួយប្រទេសដៃគូពាណិជ្ជកម្ម ។ល។
គួររំលឹកថា ត្រឹមរយៈពេល១០ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់៥៦ប្រទេស សម្រេចបានជិត៥១ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុបមានចំនួនជិត៣៧៣លានដុល្លារអាមេរិក កើនឡើង១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕