លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ បានចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំគូលែនត្បូង ស្រុកគូលែន កាលពីថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។
លោកស្រី ហែម សុគុណពិសី បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ កម្លាំងសមត្ថកិច្ចនិងមន្ត្រីស៊ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មបំផុតគ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសក្នុងពេលជំងឺកូវីដ-១៩ ដ៏សាហាវនេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាកាតព្វកិច្ច និងតួនាទីយើងទាំងអស់គ្នាដែលជាអ្នកបម្រើរាស្ត្រ គឺមិនត្រូវគេចវេះពីការងារ និងភារកិច្ចឡើយ។
ក្នុងការចុះត្រួតពិនិត្យនេះ លោកស្រី ក៏បានជួយឧបត្ថម្ភសម្ភារមួយចំនួនដល់ក្រុមការងារដែលកំពុងរួមគ្នាបម្រើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះរួមមាន៖ ទឹកសុទ្ធចំនួន១០កេស មីចំនួន៣កេស ទឹកផ្លែឈើចំនួន២កេស អាល់កុលចំនួន៥លីត្រ ម៉ាស និងភេសជ្ជៈ៕