រដ្ឋបាលស្រុកល្វាឯម មានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិមកពីវិទ្យាល័យទាំងបីក្នុងស្រុកល្វាឯម….
ព្រឹកថ្ងៃព្រហស្បតិ៍ ៨កេីត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលស្រុកល្វាឯម មានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិមកពីវិទ្យាល័យទាំងបីក្នុងស្រុកល្វាឯម មានវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង, វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និង វិទ្យាល័យ ហ៊ុន សែន ល្វាសរ ក្រោមអធិបតីភាព ឯកឧត្ដម ជាប ដាវុធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកចលនាយុវជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ។
ក្នុងនោះក៏មានការចូលរួមពី លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក, លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក, លោក លោកស្រី អភិបាលរងស្រុក, នាយក នាយករងរដ្ឋបាលសាលាស្រុក, កងកម្លាំងទាំងបី, មន្រ្តីរាជការសាលាស្រុក, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៥០០នាក់។
ឆ្លៀតឱកាសនេះដែរ ឯកឧត្ដមគណៈអធិបតី ក៏បាននាំយកថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ផ្ដល់ជូនសិស្សានុសិស្សក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ។