ខេត្តកំពង់ឆ្នាំង ៖ លោក លី ហុងហួរ បាននាំយកអង្ករចំនួន ៥តោន, ម៉ាស់១០០០០, មីយើង១០០កេស និងជែលចំនួន ២០០ដប ឧបត្ថម្ភជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការជួយកាត់បន្ថយ ចំណាយផ្សេងៗក្នុងដំណាក់កាលកូវីដ-១៩ ដែលកំពុងឆ្លងចូលក្នុងគ្រួសារសហគមន៍។
លោកឧកញ៉ា លី ហុងហួរ បាន មានប្រសាសន៍ថាៈ ការចូលរួមផ្តល់អង្ករនាពេលនេះ គឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋដែលកំពុងត្រូវការផ្គត់ផ្គង់នូវអង្ករនិងសំភារៈជូនពួកគាត់ កំពុងធ្វើច័ត្តាឡីស័ក និង កំពុងសម្រាកព្យាបាលជំងឺកូវីត-១៩ បច្ចុប្បន្នក្នុងខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា លី ហុងហួរ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តកំពុងតែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូលផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តថាៈ អំណោយដែលបានមកពីសប្បុរសជនរដ្ឋបាលខេត្តត្រូវបានយកទៅបែងចែកទៅ តាមគោលដៅសំខាន់ៗក្នុងខេត្តដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និង គ្រោះមហន្តរាយផ្សេងៗទៀត ៕