ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ
“រួមគា្នទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩” ដែលពិធីនេះធ្វើនៅបរិវេណវត្តសំស មី ស្ថិតនៅក្នុងសង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ការរៀបចំពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគា្នទទួលខុសត្រូវ ទប់ស្កាត់ការចម្លង វីរុសកូវីដ-១៩”នេះ ក្នុងគោលបំណងជម្រុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ព្រមទាំងរស់នៅជាមួយនិងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឲ្យបានត្រឹមត្រូវ។
ចំពោះការរៀបចំពិធីបើកយុទ្ធនាការថ្នាក់ជាតិក្រោមធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងនៃមេរោគកូវីត19” ក៏មានការទូងស្គរ គ្រប់វត្តអារាម ព្រមៗគ្នាទូទាំងខេត្តព្រៃវែង ដើម្បីចូលរួមអនុវត្តទប់ស្កាត់ទាំងអស់គ្នាដើម្បីកាត់ផ្ដាច់ខ្សែចម្លង នៃជំងឺកូវីដ19 នៅក្នុងខេត្តព្រៃវែងនេះ។
ក្នុងនោះផងដែរលោក ទួន សុគន្ថា នាយករង រដ្ឋបាល សាលាខេត្ត ព្រៃវែងក៏បានលើកឡើងថា ចំពោះបញ្ហា នៃការផ្ទុះឡើងនូវជំងឺកូវីត១៩ នៅក្នុងសហគមន៍នៃខេត្តព្រៃវែងនាពេលកន្លងមកនេះ គឺថាមានការកើនឡើងច្រើន ដោយឡែកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តព្រៃវែងមានការថមថយចុះច្រើននៃការឆ្លងជំងឺកូវីត១៩ នៅក្នុងសហគមន៍ដោយក្នុងនោះ គឺខេត្តបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋអំពីវិធានការ ៣ការពារ ៣ កុំ របស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទាំងអស់គ្នាក្នុងការកាត់បន្ថយនៃការឆ្លងនៅជម្ងឺកូវីត ១៩នេះ ជាក់ស្ដែងខេត្តព្រៃវែងបាន ទទួលបានជាលទ្ធផលមួយគួរឲ្យកត់សម្គាល់នោះផងដែរ។
ក្នុងនោះដែរលោកក៏បានបន្ថែមទៀតថាទោះបីជាខេត្តព្រៃវែងមានការថយចុះនៃការឆ្លងជំងឺ កូវីត១៩ នៅក្នុងខេត្តព្រៃវែងនេះក៏ពិតមែនក៏ប៉ុន្តែខេត្តក៏មិនលែងដៃ ក៏ដូចជាមិនបន្ធូរបន្ថយក្នុងការអប់រំ ផ្សព្វផ្សាយ ណែនាំ អំពីការអនុវត្តនូវវិធានការនាៗ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រៃវែងឲ្យបាន៕