ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានប្រគល់អំណោយ គ្រឿងឧបភោគបរិភោគ និងផ្លែតាង៉ែន ព្រមទាំងសម្ភារប្រើប្រាស់ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់រដ្ឋបាលក្រុង ស្រុកទាំង១១ នៃខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។
អំណោយបានបែងចែកជូននាព្រឹកនេះគឺ ក្នុង០១ក្រុង ស្រុក ទទួលបាន អង្ករ០៣តោន ទឹកស៊ីអ៊ីវ ៣០០យួរ មី១០០កេស ត្រីខកំប៉ុង ១០០យួរ ម៉ាស់៣កេសធំ និងផ្លែតាង៉ែន ចំនួន០១តោន។
ក្នុងឱកាសនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននានាដែលតែងតែបានជួយឧបត្ថម្ភគាំទ្រក្នុងការផ្តល់នូវអំណោយជាច្រើនហូរហែរ ជាពិសេសក្នុងថ្ងៃនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកបុរី ឡេង ណាវ៉ាត់ត្រា ដែលបានឧបត្ថម្ភ ផ្លែតាង៉ែន ចំនួន ១២តោន ជូនដល់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃនេះ និងបានបែងចែកបន្តដល់រដ្ឋបាលក្រុង-ស្រុក ទាំង១១ ផងដែរ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមប្រសិទ្ធពរជូន អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងសហការី មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ជាពិសេសជៀសផុតពីជំងឺកូវីដ-១៩៕