សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ផ្លែមៀនចំនួន ១០តោនបន្ថែមទៀត ដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលអំណោយផ្លែមៀននេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំង មន្រ្តីរាជការផងដែរ កាលពីព្រលប់ថ្ងែទី៣០ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត តែងតែបានយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់ប្រជា ពលរដ្ឋទូទៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ សម្ដេច តែងបានណែនាំជំរុញដល់អាជ្ញាធរ រាជធានីខេត្ត-ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច ជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅបានល្អប្រសើរ។
ឯកឧត្តមបានបន្តថា ជាក់ស្ដែងពេលនេះមិនត្រឹមតែបានយកចិត្តទុកដាក់ខ្ពស់ អំពីបញ្ហាការពារសុខុមាលភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញផ្លែមៀន (តាង៉ែន) ដ៏ឆ្ងាញ់ពិសាពីកសិករខ្មែរដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារសំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្ត ដល់កសិករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារ ជួរមុខ និងប្រជាពលរដ្ឋអ្នកជំងឺកំពុងធ្វើចត្តាឡីស័កទៀតផង។
ក្នុងនាមរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ ដ៏ថ្លៃថ្លាប្រពៃ និងសូមគោរពជូនពរសម្ដេច ទាំងទ្វេមានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំ ប្រទេសកម្ពុជា មានសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍរីកចម្រើន ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងជីវភាពធូរធាររបស់ប្រជាពលរដ្ឋទៅអនាគតបន្តទៀតផងដែរ។
សូមបញ្ជាក់ថា ផ្លែមៀនអំណោយរបស់សម្តេចនេះ ទទួលបានពីក្រុមការងារដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ចុះប្រមូលទិញផ្លែមៀន ពីប្រជាកសិករនៅខេត្តបាត់ដំបង។ នេះ ជាលើកទី៤ហើយ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានទទួលផ្លែមៀននា យប់ថ្ងៃទី៣០ ខែសីហា ដែលមានសរុប១៧តោនហើយ ដើម្បីបែងចែកជូនទៅកាន់ប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការក្រុង/ស្រុក កំពុងព្យាបាលជំងឺ និងធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងខេត្ត៕