ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយជាស្បៀងអាហារ និងសម្ភាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជួយទ្រទ្រង់ដល់ ជីវភាពរស់នៅរបស់ពួកគាត់ ដែលកំពុងជួបការលំបាកក្នុងស្ថានភាពនៃការរាតត្បាត ជំងឺកូវីដ១៩ ក្នុងសហគមន៍នេះ។
អំណោយនេះត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រម ទាំងអាជ្ញាធរពាក់ព័ន្ធ បាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋទាំង១០០គ្រួសារ នៅក្នុងឃុំតាគង់ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយក្នុងមួយគ្រួសារទទួលអង្ករ ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី ១យួរ មុង១ និងភួយ ១។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជា អំណោយដែលចែកជូនបងប្អូនពេលនេះតិចតួច តែនេះបានបង្ហាញពីការយកចិត្តទុក ដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ ចំពោះសុខទុក្ខការលំបាកប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ អ្វីឡើយ ហើយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែការដាច់ស្បៀងអាហារ បរិភោគនោះទេ។
ជាមួយនោះ អភិបាលខេត្តបន្ទាយមានជ័យក៏បានជំរុញប្រជាពលរដ្ឋឱ្យ បង្កើនការ យកចិត្តទុកដាក់ប្រឹងប្រែងបង្កបង្កើនផលកសិកម្មក្នុងរដូវវស្សានេះឱ្យអស់លទ្ធភាព ដើម្បី បង្កើនចំណូលក្នុងជីវភាពគ្រួសារកាន់តែប្រសើរឡើងនោះ។
ឯកឧត្តម អ៊ុំ រាត្រី បន្តទៀតថា សព្វថ្ងៃនេះ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើ សកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់គ្នា។ ត្រូវរក្សាសុខភាព តាមរយៈការធ្វើអនាម័យឱ្យ បានស្អាត និងចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនូវវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន នោះទើបចៀសផុតពីការឆ្លងជំងឺដ៏ កាចសាហាវនេះ៕