វេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ..
ត្បូងឃ្មុំ៖ នៅចុងសប្តាហ៍នេះ វេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តំបែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA និងអាជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។
លោកស្រី ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ថានភាពប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រក្រោយពីជំងឺកូវីដ-១៩ តាមរយៈការបង្ខិតសេវាព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និងក្រុមការងារ។ លោកជំទាវ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះថាមានតែសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃ និងបានគិតគូរពីសុខទុក្ខ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។
តាមរបាយការណ៍បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលអ្នកជំងឺបានចំនួនជិត ៤ ០០០នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន ១០៥ករណីដែលការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕