អភិបាលស្រុកល្វាឯម លោក កន សុខកាយ នាំយកអំណោយមនុស្សធម៌របស់អនុសាខាជូនគ្រួសារក្រីក្រ……
កណ្តាល៖ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម និងលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសមាជិកសមាជិការអនុសាខានៅព្រឹកថ្ងៃចន្ទទី៣០ ខែមករា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាជូនដល់គ្រួសារក្រីក្រចំនួន២៥គ្រួសារ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល។
ក្នុងនោះគ្រួសារក្រីក្រមកពីឃុំកោះរះ ៥គ្រួសារ, ឃុំថ្មគរ ៥គ្រួសារ ,ឃុំភូមិធំ ៥គ្រួសារ, ឃុំព្រែករៃ ៥គ្រួសារ និងឃុំទឹកឃ្លាំង ៥គ្រួសារ នៅទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកល្វាឯម។
នាឱកាសនោះ លោក កន សុខកាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
លោក កន សុខកាយ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។
គួរជម្រាបជូនថា អំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ត្រីខ ១យួរ សម្ភារ:ផ្ទះបាយ ១ឈុត និងថវិកា ៥០.០០០រៀល បន្ថែមពីនោះលោកអភិបាលស្រុកក៏បានឧបត្ថមថវិកាផ្ទាល់ខ្លួនជូនក្នុងមួយគ្រួសារចំនួន ៥០.០០០ រៀលបន្ថែមទៀត៕