ជើងហោះហើរដំបូងដែលដឹកអ្នកដំណើរចំនួន ១០០នាក់មកពីប្រទេសអាល្លឺម៉ង់បានធ្វើដំណើរក្រោមគម្រោងនៃការមិនធ្វើចត្តាឡីស័កបានចុះចតនៅអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរីកាលពីថ្ងៃទី៨ ខែកញ្ញា។
ជើងហោះហើរលេខ SQ325 ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) ជាការកត់សម្គាល់នៃការចាប់ផ្តើមគម្រោងធ្វើដំណើរសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ (VTL) របស់ប្រទេសសិង្ហបុរី ដែលបានបើកដំណើរការសម្រាប់ប្រទេសប្រ៊ុយណេ និងអាល្លឺម៉ង់។
អ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញក្រោមគម្រោងនេះ នឹងត្រូវធ្វើតេស្តរហូតដល់ទៅ ៤ដងនៃការធ្វើតេស្តិ៍ PCR ដែលជំនួសឱ្យការធ្វើចត្តាឡីស័ក ហើយត្រូវអនុវត្តតាមលក្ខខណ្ឌផ្សេងៗទៀតដែលបានកំណត់ដូចជាជើងហោះហើរក្រោមគម្រោង VTL សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។
លោក Steven Ler ប្រធានសមាគមជាតិភ្នាក់ងារទេសចរណ៍សិង្ហបុរីបាននិយាយថា ជើងហោះហើរដំបូងក្រោមគម្រោង VTL គឺជារបកគំហើញមួយដ៏សំខាន់ក្រៅពីគម្រោងធ្វើដំណើរបែបពពុះជាមួយទីក្រុងហុងកុងដែលមិនទទួលបានជោគជ័យ៕ (ដកស្រង់ពី AKP)