ខេត្តកំពត ៖ នាព្រឹកថ្ងៃ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០៩គ្រួសារ នៅស្រុកជុំគិរី ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកគណៈកម្មាធិការ កងកម្លាំងទាំងបីប្រភេទប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ ។
នៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោ បាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។ ឯកឧត្តម ក៏បានក្រើរម្លឹក និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តន៍តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាសនៅគ្រប់ទីសាធារណៈ លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា) ក្នុងការចូលរួមទប់ស្កាត់ និងការពារជំងីកូវីដ-១៩។
អំណោយដែលចែកជូននៅពេលនេះក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល គិតជាថវិកា ស្មើនឹង១២៥.០០០រៀល សរុបរួមស្មើនឹង ១៣.៦២៥.០០០រៀល។ ព្រមទាំងបានឧបត្ថម្ភថវិកា៥០ម៉ឺនរៀលជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាល កងរាជអាវុធហត្ថ និងប្រជាការពារ និងគ្រូពេទ្យ៕