ខេត្តសៀមរាប ៖ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍នៅក្នុងសារសម្លេងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញានេះថា ដោយពិនិត្យឃើញស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានច្រើនជារៀងរាល់ថ្ងៃ ក្នុងទូទាំងខេត្តនិយាយរួម និងដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និងភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយ:ពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រកំណត់ជាតំបន់ក្រហម គឺ ដើម្បីទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ។
ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ទៀតថា ស្ថិតក្នុងដំណាក់កាលនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ក្រហម សូមកុំចាកចេញពីផ្ទះរបស់ខ្លួន និង សូមឲ្យមានការអត់ធ្មត់ក្នុងរយ:ពេលនេះ ព្រោះបើមិនដូច្នោះទេ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើង ហើយប្រសិនបើមានការខ្វះខាតស្បៀងអាហារ សូមផ្ដល់ដំណឹងដល់មេភូមិ ឬចៅសង្កាត់ដែលយើងកំពុងរស់នៅ ឬការបញ្ជាទិញម្ហូមអាហារ ហើយស្នើសុំការដឹកជញ្ជូនទំនិញជាស្បៀងអាហារឥតគិតថ្លៃ ដែលរដ្ឋបាលខេត្តបានរៀបចំតាមរយ:លេខទូរស័ព្ទក្រុមការងារ ប៉ុន្តែលេខទូរស័ព្ទដែលបានបង្ហាញនេះគឺទទួលតែព័ត៌មានសម្របសម្រួលដឹកជញ្ជូនតែប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តសៀមរាប ណែនាំដល់មេភូមិ ចៅសង្កាត់ និង អភិបាលក្រុងសៀមរាប ត្រូវចុះត្រួតពិនិត្យមើល ស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ឲ្យបានជាប់ជាប្រចាំ ហើយរាយការណ៍ជូនដល់រដ្ឋបាលខេត្តបានដឹងប្រាកដថា ពួកគាត់ជួបការលំបាកអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានធ្វើការដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ព្រោះយើងមិនត្រូវទុកពួកគាត់រស់នៅដោយគ្មានស្បៀងអាហារហូបចុកប្រចាំថ្ងៃឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ។
គួររំលឹកថា ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់មានប្រសាសន៍ថា ការដាក់ជាតំបន់ក្រហមនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ហើយឯកឧត្ដមក៏បានសុំឲ្យមានការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ៕